ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឲ្យយកចិត្តទុកដាក់ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុក ដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានា ក្នុងរាជធានីភ្នំពេញ ។

ក្នុងនោះកិច្ចប្រជុំនោះ លោក ម៉ប់ សារិន ក៏បានកោតសរសើរ ចំពោះសមត្ថកិច្ច ដែលបានខិតខំបង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេសបទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ ។ ទន្ទឹមនឹងនេះការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៨០ករណី ក្នុងនោះការជួញដូរ គ្រឿងញៀនបាន៥៣ករណី។ បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ អ្នក លក់ដូរចល័ត តាមដងផ្លូវសាធារណៈ និងអ្នកលក់ដូរនៅនឹងកន្លែង ដោយបានធ្វើ ការអប់រំណែនាំ ឲ្យមានសណ្ដាប់ធ្នាប់ល្អថែមទៀតផងដែរ។

ជាមួយ និងស្នាដៃខាងលើ លោកម៉ប់ សារិន បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់សហការបង្ក្រាបក្រុមក្មេងទំនើង ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារ៉ាម នាពេលខាងមុខ។

ពាក់ព័ន្ធនឹងការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ជុំវិញបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងដោយនៅថ្ងៃទី១៥ កញ្ញាខាងមុខលោកអភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញមួយ ដើម្បីដាក់ចេញជាវិធានការម៉ឹងម៉ាត់មួយចំនួន ក្នុងពិធីបុណ្យកាន់បិណ្ឌ ក្នុងនោះមានទាំងការដាក់ចេញជាវិធានការ ធ្វើយ៉ាងណាភូមិ សង្កាត់មានសុវត្ថិភាព ការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដំណើរទៅដោយរលូន ៕

To Top