ព័ត៌មានជាតិ

លោក ជា ចាន់តូ ប្រាប់ IMF ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ រំពឹងមានកំណើនក្នុងរង្វង់៥%

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក៏ដោយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។

នាឱកាសអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លោក ជា ចាន់តូ បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជារំពឹងថាមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។ ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ខែ»។

លោក បន្ដថា ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នាក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។ ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។

លោក បន្ថែមថា ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងដំណាក់កាលងើបឡើងវិញ។ ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ឥណទានរបស់ប្រព័ន្ធធនាគារ បានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។
នាឱកាសនោះដែរ លោក Alasdair Scott បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះ ប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕

To Top