ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ក្រសួងបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជា “ការកើនឡើងដ៏គ្រោះថ្នាក់” ដែលមិនត្រឹមតែគំរាមកំហែងដល់អាយុជីវិតរបស់ជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសស៊ីរី និងក្នុងតំបន់ផងដែរ។
ប្រភពបានកត់សម្គាល់ថា ការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ជាពិសេសការវាយប្រហារចុងក្រោយបំផុតលើអាកាសយានដ្ឋានអាឡេប៉ូ គឺស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ទន្ទឹមនឹងនេះ ក្រសួងបានឲ្យដឹងទៀតថា រដ្ឋាភិបាលស៊ីរីរក្សាសិទ្ធិការពារប្រជាជន និងទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយដែលត្រូវការ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ អ៊ីស្រាអែលបានបាញ់មីស៊ីលនៅអាកាសយានដ្ឋានក្នុងក្រុងអាឡេប៉ូ ដែលធ្វើឱ្យវាលែងដំណើរការជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍៕ប្រែសម្រួល ឈូក បូរ៉ា