ព័ត៌មានអន្តរជាតិ

Update៖ ប្រតិភូជាន់ខ្ពស់ សហរដ្ឋអាមេរិក បំពេញទស្សនកិច្ច នៅអ៊ុយក្រែន ដើម្បីប្រកាសពីការផ្តល់ ហិរញ្ញប្បទានយោធាថ្មី គិតជាទឹកប្រាក់២ពាន់លានដុល្លារ

ប៉ូឡូញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរទៅដល់ ប្រទេសអ៊ុយក្រែនហើយ នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងប្រកាសផ្តល់ ហិរញ្ញប្បទានយោធាបរទេសថ្មី ដែលគិតជាទឹកប្រាក់២ពាន់លានដុល្លារដល់អ៊ុយក្រែន និងប្រទេសចំនួន១៨ផ្សេងទៀត ដែលប្រឈមនឹងហានិភ័យ នៃការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោក Blinken ទៅកាន់រដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីការលុកលុយ កាលពីខែកុម្ភៈរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនបានរាយការណ៍ ពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដណ្តើមយកទឹកដី ដែលរុស្សី រឹបអូសបានមកវិញ នៅជិតទីក្រុងធំទី២ របស់អ៊ុយក្រែន ។

លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba ដោយបានជួបអ្នកការទូតអាមេរិក និងបានទៅកាន់មន្ទីរពេទ្យកុមារ ដែលជាកន្លែងគាត់បានជួបក្មេងៗ ដែលរងរបួសពីការទម្លាក់គ្រាប់បែក របស់រុស្ស៊ី ។

មន្ត្រីក្រសួងការបរទេស មួយរូប បានឲ្យដឹងថា ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នឹងត្រូវបែងចែកឲ្យអ៊ុយក្រែន ។

សម្រាប់ទឹកប្រាក់ដែលនៅសល់នឹង ត្រូវបានបែងចែកក្នុងចំណោម ប្រទេសអាល់បានី បូស្នៀ និងហឺហ្សេហ្គោវីណា ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆេក អេស្តូនី ហ្សកហ្ស៊ី ក្រិក កូសូវ៉ូ ឡាតវី លីទុយអានី ម៉ុលដាវី ម៉ុងតេណេហ្គ្រោ ខាងជើង ម៉ាសេដូនៀ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងស្លូវេនី ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top