បរទេស៖ ការបិទឧស្ម័នរុស្ស៊ីសរុបនឹង បញ្ជូនអឺរ៉ុបទៅក្នុងវិបត្តិថាមពល ដែលនឹងមានរយៈពេលច្រើនក្នុងរដូវរងា ហើយនឹងត្រូវការចំណាយធំណាស់ សម្រាប់រដ្ឋាភិបាលក្នុងការ រក្សាតម្លៃថាមពល ដែលអាចទទួលយកបាន នេះបើយោងតាម ប្រធានផ្នែកទំនិញសកលរបស់ RBC លោកស្រី Helima Croft ។
លោកស្រី Croft បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា “ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពនេះ ជាមួយរុស្ស៊ីនៅពេលនេះ ដែលយើងគ្រាន់តែមិនដឹងថា តើពួកគេនឹងទៅឆ្ងាយប៉ុណ្ណានោះទេ ទាក់ទងនឹងថាមពលអាវុធ នៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលជាបំពង់បង្ហូរឧស្ម័នសំខាន់របស់អឺរ៉ុប។
មន្ត្រីរុស្ស៊ីបានឲ្យដឹងថា លំហូរឧស្ម័ននឹងមិនបន្តឡើងវិញនោះទេ រហូតទាល់តែទណ្ឌកម្មសហភាពអឺរ៉ុប ត្រូវបានដកចេញ ដែលជំរុញឱ្យមានការព្រួយបារម្ភថា អឺរ៉ុប អាចត្រូវបានបិទទាំងស្រុង ពីការផ្គត់ផ្គង់ឧស្ម័នរបស់ រុស្ស៊ីក្នុងរដូវរងានេះ។
ក្នុងការរៀបចំ សហភាពអឺរ៉ុប បានស្នើឱ្យកាត់បន្ថយការប្រើប្រាស់ហ្គាស ១៥ភាគរយ ដោយស្ម័គ្រចិត្ត ហើយឈានដល់ ៨០ភាគរយ ការផ្ទុកឧស្ម័នធម្មជាតិ ជិតពីរខែមុនកាលវិភាគ។ ប្រទេសដូចជាអាល្លឺម៉ង់ ក៏បានបង្កើតផែនការពង្រីក ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិរបស់ពួកគេ ដើម្បីជំរុញការផលិតនៅឆ្នាំអនាគតផងដែរ។
លោកស្រី Croft បានលើកឡើងថា ប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុប អាចបង្កើតឃ្លាំងផ្ទុកឧស្ម័នរបស់ពួកគេបាន លុះត្រាតែលំហូរឧស្ម័នរបស់រុស្ស៊ី មិនមានការរំខានរហូតដល់រដូវក្តៅនេះ នៅពេលដែលបំពង់បង្ហូរ Nord Stream 1 ត្រូវបានកាត់បន្ថយដល់សមត្ថភាព ២០ភាគរយ។ ប្រទេសដូចជាអាល្លឺម៉ង់ ក៏មិនដែលបន្តរក្សាការស្តុកទុកឧស្ម័ន ពេញមួយរដូវរងាដោយ គ្មានលំហូរបន្ថែមនោញដែរ។
លោកស្រីបានបន្ថែមទៀតថា “នេះប្រហែលជាមិនមែនជាវិបត្តិ សម្រាប់តែរដូវរងានេះទេ។ នេះអាចជាវិបត្តិពហុរដូវរងា ពីព្រោះប្រសិនបើគ្មានឧស្ម័នបន្តទៅមុខទេ អឺរ៉ុបនឹងមានបញ្ហាផ្គត់ផ្គង់ ដ៏ធំនឹងបន្តទៅមុខ ទោះបីជាមានការកសាង ហេដ្ឋារចនាសម្ព័ន្ធនេះក៏ដោយ” ៕
ប្រែសម្រួល ឈូក បូរ៉ា
