ព័ត៌មានជាតិ

លោក ស សុខា កូនប្រុសសម្តេច ស ខេង បដិសេធចំពោះការចោទប្រកាន់ថា លោកចង់ធ្វើនាយករដ្ឋមន្ត្រី (Video)

ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នកំពុងកាន់តួនាទី ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងតំណាងរាស្រ្តមណ្ឌលព្រៃវែង បានចេញមកបកស្រាយ ក៏ដូចជាការច្រានចោល ជុំវិញការកាត់តវិដេអូថា លោកកំពុងប្រដៅលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត និងលោក ហ៊ុន ម៉ានី ព្រមទាំងចោទប្រកាន់រូបលោកថា ចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ គឺជារឿងមិនពិតទេ ។

ដោយលោកបញ្ជាក់យ៉ាងច្បាស់លាស់ថា “ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេច របស់គណបក្សក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស” ។

ការចេញមុខបកស្រាយភ្លាមៗ របស់លោក ស សុខា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានវិដេអូ ដែលត្រូវបានកាត់បញ្ចូល និងប្រើប្រាស់ចំណងជើង ក្នុងន័យអុចអាល ញុះញុង រវាងលោក សុ សុខា និងលោក ហ៊ុន ម៉ាណែត កូនប្រុសសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការប្រជែងគ្នាចង់ធ្វើជា នាយករដ្ឋមន្រ្តីនាពេលអនាគត នៅលើបណ្តាញសង្គមផ្សេងៗ យ៉ាងផុសផុល ។

យោងតាមសំណេររបស់លោក ស សុខា បានរៀបរាប់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា “ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិ របស់លោកនោះទេ(ម្ចាស់ផេកម្នាក់)។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំ ដែលមានខ្លឹមសារផ្សេងទៅបង្ហោះ ដាក់ចំណងជើងផ្សឹង ដែលបង្កប់ដោយចេតនាញុះញុង ឬចោទប្រកាន់ខ្ញុំថា បង្គាប់បញ្ជាប្រដែលប្រដៅ បុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្ដម ហ៊ុន ម៉ានី ជាដើម”។

សំណេររបស់លោក ស សុខា បន្ថែមទៀតថា ” អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែន ដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេច របស់គណបក្ស ក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស នៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោត ជាបេក្ខជនបន្តវេននាពេលអនាគត ដែលក្នុងនោះ ខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ”។

លោកព្រមទាំង បានបង្ហាញនូវសារមួយទៅដល់ អ្នកដែលកំពុងអុចអាលចោទប្រកាន់ លោកទៀតថា “ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថា បានដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតី​ពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមក សម្រាប់ជាការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែក​ឲ្យអស់ពីលទ្ធភាព ដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែក​នៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែក នៃដំណោះស្រាយសង្គមវិញ។

ចំពោះការចោទប្រកាន់ខាងលើនេះ លោក ស សុខា បញ្ជាក់ថា ជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ ហើយលោកថា ខ្លួនមិនអាចទទួលយកបានទេ និងជារឿងអយុត្តិធម៌៕

To Top