ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារក្មេង សិស្សសាលាម្នាក់ ជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា បុកយ៉ាងពេញទំហឹង បានបណ្តាលឲ្យបាត់បង់ជីវិតក្មេងភ្លាមៗ និងអ្នកជិះម៉ូតូប្រុសស្រី២នាក់ ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅក្នុងភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ក្មេងសិស្សសាលាដែលស្លាប់មានឈ្មោះ ឡុង ប៊ុនហេង អាយុ៩ឆ្នាំ មានទីលំនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ចំណែកអ្នកបើកម៉ូតូ មានឈ្មោះសៅ សុខផេង អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ រស់ ស្រីចាន់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសធ្ងន់) ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង១T-១៥១៤ ខូចខាតទាំងស្រុង។

យោងតាមសាក្សី នៅកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេង សិស្សសាលាម្នាក់បានជិះ កង់មួយគ្រឿងដោយធ្វើដំណើរ នៅលើផ្លូវក្រាលកៅស៊ូពីលិចទៅកើត ហើយក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ១២៥ស៊េរីឆ្នាំ ២០២២ ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១T-១៥១៤ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន ក្មេងប្រុស ដែលស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ ទាំង ២នាក់ ត្រូវបានដឹកយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ ចំណែកវត្ថុតាងមធ្យោបាយ ធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
