តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារតាមអ៊ីនធឺណិត លើអាល់បានី។
លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ស្លាកទណ្ឌកម្មថ្មីនេះ ដូចគ្នានឹងការដាក់ទណ្ឌកម្មខុសច្បាប់ពីមុន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់ដែរ នឹងមិនអាចធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តបំផុត ក្នុងការប្តេជ្ញាចិត្តរបស់អ្នកបម្រើសន្តិសុខរបស់ប្រជាជនអ៊ីរ៉ង់ឡើយ” ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីរបស់ខ្លួនលោក Esmail Khatib ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិត ដោយទីក្រុងតេអេរ៉ង់ លើរដ្ឋាភិបាលអាល់បានី កាលពីខែកក្កដា។
កាលពីថ្ងៃពុធ ប្រទេសអាល់បានី បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានគាំទ្រ ចំណាត់ការរបស់អាល់បានី ហើយបានប្តេជ្ញា ចាត់វិធានការឆ្លើយតប នឹងការវាយប្រហារដែលបានចោទប្រកាន់ មកលើសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។
លោក Kanaani បានលើកឡើងថា វ៉ាស៊ីនតោនគឺជា “អ្នករចនាសេណារីយ៉ូនេះ” ហើយ Tirana គ្រាន់តែជាជនរងគ្រោះនៃគម្រោងរបស់វ៉ាស៊ីនតោនប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងនោះដែរលោក បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះអ្វីដែលលោកបានហៅដោយបង្ខំ ឱ្យអាល់បានីធ្វើជាម្ចាស់ផ្ទះ “និកាយភេរវករ” របស់អ៊ីរ៉ង់ ដែលសំដៅទៅលើអង្គការ Mujahedin-e Khalq (MKO)៕ ប្រែសម្រួល ឈូក បូរ៉ា