នយោបាយ

ព្រាប កុល ស្នើពលរដ្ឋ ចូលរួម យុទ្ធនាការ ប្តូរស៊ុមរូបថត ដាក់ថា “យើងខ្ញុំមានសិទ្ធិ ដឹងការពិត អំពីការបោះបង្គោលព្រំដែន”

ភ្នំពេញ៖ ក្រោយពីការស្នើ ឲ្យគណៈកម្មាធិការព្រំដែន បង្ហាញផែនទីកម្ពុជា-វៀតណាម មិនបានសម្រេច លោក ព្រាប កុល នាយកប្រតិបត្តិអង្គការ​​តម្លាភាពកម្ពុជា បានឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួម​ក្នុងយុទ្ធនាការ ប្តូរស៊ុមរូបថត​ ដាក់ថា “យើងខ្ញុំមានសិទ្ធិដឹងការពិត អំពីការបោះបង្គោលព្រំដែន”។

លោក ព្រាប កុល បានបង្ហាញក្នុងហ្វេសប៊ុក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ថា “យើងខ្ញុំចង់ដឹងការពិត…យើងខ្ញុំមានសិទ្ធិដឹងការពិត អំពីការបោះបង្គោលព្រំដែន។ សូមបងប្អូនចូលរួម យុទ្ធនាការប្តូរស៊ុម រូបថតឥ្យបានច្រើនគ្នា ដើម្បីទាមទារឲ្យមាន ការផ្តល់ព័ត៌មាន និងឆ្លើយបំភ្លឺពីអាជ្ញាធរ ទទួលបន្ទុកកិច្ចការព្រំដែន”។

កាលពីប្រមាណ ជា១ខែមុន លោកក៏បានស្នើឲ្យបំភ្លឺ និងបង្ហាញពីផែនទីផងដែរ។

ជាថ្មីទៀតនេះលោកថា ក្នុងនាមជាពលរដ្ឋខ្មែរស្នើសុំ ទៅគណៈកម្មការកិច្ចការ ព្រំដែនដូចតទៅ៖ ១. បង្ហាញផែនទី ដែលប្រើប្រាស់​ សម្រាប់ការកំណត់ ទីតាំងបោះបង្គោលព្រំដែន និងវិធីសាស្ត្រ/របៀបគណនា កំណត់ បង្គោលព្រំដែន តាមលក្ខណៈវិទ្យាសាស្ត្រ។ ២. ទីតាំងបង្គោលព្រំដែនទាំងអស់ ដោយមាន អាស័យដ្ឋានជាក់លាក់។

លោកថា ដូច្នេះពលរដ្ឋចូលរួម ឲ្យបានច្រើនកុះករ ព្រោះនេះជាឱកាសបង្ហាញ សាមគ្គីភាពរវាងខ្មែរ និងការឈឺឆ្អាលអំពីបញ្ហាទឹកដី និងអនាគតខ្មែរជំនាន់ក្រោយ៕

To Top