ព័ត៌មានជាតិ

តុលាការកំពូលជម្រះ បណ្តឹងសារទុក្ខ លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ (Video)

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខរបស់ លោក នួន ប៉ុក ជាអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយ និង រំលោភអំណាច ប្រព្រឹត្តកាលពី អំឡុងឆ្នាំ ២០១១ និង ២០២០ នៅក្នុងខេត្តព្រះសីហនុ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ តុលាការកំពូលបានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស កើតឆ្នាំ ១៩៧៦ ជាអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានកាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។

តុលាការក៏បានសម្រេច រឹបអូសអចលនទ្រព្យចំនួន៣កន្លែងរបស់ ឈ្មោះ នួន ប៉ុក ដែលបានមកដោយខុសច្បាប់ ដាក់ជាទ្រព្យសម្បត្តិរដ្ឋ ផងដែរ។

ជនជាប់ចោទឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រំលោភអំណាច តាមមាត្រា៣៥ នៃច្បាប់ស្តីការប្រឆាំងអំពើពុករលួយ បទធនធាន ធម្មជាតិ(ថ្នាក់ទី៤)តាមបញ្ញត្តិមាត្រា៥៦ចំណុចទី៤និងមាត្រា៦២នៃច្បាប់ស្តីពីតំបន់ធម្មជាតិនិងបទផ្តល់សេចក្តីប្រកាសដោយភូតកុហក តាមបញ្ញត្តិមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ ។

គាត់បានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ឈ្មោះ នួន ប៉ុក ត្រូវបាន ចាប់ឃាត់ខ្លួន ដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពី ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ដោយជាប់សង្ស័យក្នុងរឿង ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

ឈ្មោះ នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។

នាពេលសវនាការ, មេធាវីការពារក្តីរបស់ ជនជាប់ចោទ បានសំណូមពរដល់ តុលាការកំពូល មេត្តា ជួយ បន្ធូរបន្ថយ ទោស ដល់ កូនក្តីខ្លះផង ពីព្រោះ គាត់ បានទទួលស្គាល់កំហុស និង បានកែប្រែខ្លួនហើយ ដើម្បីឆាប់បានវិលត្រឡប់ត្រឡប់ ជួបជុំក្រុមគ្រួសារ គាត់វិញ។

តុលាការកំពូលនឹងប្រកាសដីកា នៅសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃច័ន្ទទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ៕

ដោយ: លីហ្សា

To Top