ព័ត៌មានជាតិ

សម្តេចតេជោ៖ អាស៊ាន ត្រូវពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយចិន ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសន្ទរកថា បើកសម្ពោធពិព័រចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា ដោយមើលឃើញពីភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ចិនកន្លងមកថា អាស៊ាន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន និងចិន ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ។

ក្នុងសន្ទរកថា របស់សម្តេចតេជោ បានលើកឡើងថា “ឈរលើមូលដ្ឋាននៃភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពី ការលើកកម្ពស់កិច្ចព្រមព្រៀងនេះទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាព សហគ្រាសធុនតូច និងមធ្យម (SMEs)” ។

នៅក្នុងសន្ទរកថា របស់សម្តេច ដែលមានពីរទំព័រដដែលនោះ បានឲ្យដឹងទៀតថា “ខ្ញុំជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះ ក្រៅពីបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ ក៏បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ការលូតលាស់ វិស័យខាងលើនេះផងដែរ ។ ជាពិសេសនឹងក្លាយជា “ក្របខណ្ឌស្នូល” សម្រាប់ការស្ថាបនា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់៣.០ នាពេលខាងមុខ” ។

គួរឲ្យដឹងថា ពិព័រចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ធ្វើឡើងនៅទីក្រុងណាននីង ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់៣.០ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២៕

To Top