ភ្នំពេញ ៖ ខណៈលោក ហ្សិន ស៊ូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាព អស់រយៈពេលជិត៣ខែមកហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាមិត្តដ៏ល្អ របស់អតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានរំលឹកពីគុណបំណាច់លោក អាបេថា ជាអ្នកមានគុណ សម្រាប់កម្ពុជា និងប្រទេសទាំងពីរ ។
ជាអ្នកមានគុណ សម្រាប់កម្ពុជា ដែលសម្តេចនាយករដ្ឋមន្រ្តី សំដៅដល់នោះ គឺលោក អាបេ បានបន្សល់ទុក នូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល លោក អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភា ជប៉ុនផងដែរ ។
ការលើកពីគុណបំណាច់ របស់លោក អាបេ ពីសំណាក់សម្តេចនេះ បានធ្វើឡើងក្នុងជំនួបជាមួយ លោក KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាថ្ងៃ១៦ កញ្ញា ។
ជាមួយគ្នានេះ សម្ដេចតេជោ បានបន្តលើកសរសើរ ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន បន្ថែមទៀតថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ ។ លោក អាបេ តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមាញឹក យ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំ លោក អាបេ តែងតែលើកឡើង អំពីការសុំការគាំទ្រ លើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង ។
សម្ដេចគូសបញ្ជាក់ថា ការចាកចេញរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជា ក្នុងគ្រាលំបាក ។
សូមបញ្ជាក់ថា នៅថ្ងៃ២៧ កញ្ញា ខាងមុខនេះ បន្ទាប់ពីបំពេញបេសកម្មការងារ នៅប្រទេសមួយចំនួនរួចមក សម្តេចតេជោ នឹងឆ្លៀតទៅចូលរួមបុណ្យសព លោក អាបេ នៅទីក្រុងតូក្យូផងដែរ ក្រោយលោក អាបេ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃ៨ កក្កដា ៕