ព័ត៌មានជាតិ

ទឹកជំនន់ជន់លិច ! កុមារកំព្រាប្រុស-ស្រី១១៥នាក់ ត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងនិងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀស កុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ ធ្វើឲ្យកុមារទាំងនោះមិនអាចស្នាក់នៅបាន ត្រូវតែជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។

យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា កុមារកំព្រាប្រុស-ស្រី ចំនួន១១៥នាក់ និង បុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ នៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហាយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយស្រួលដល់ការរស់នៅរបស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នាក់នៅបណ្តោះអាសន្នផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោក អ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕ដោយ: ប៊ុន សំណាង

To Top