ព័ត៌មានជាតិ

៥ឆ្នាំ អង្គភាពច្រកចេញចូលតែមួយ នៅរាជធានី-ខេត្ត ទទួលចំណូលជាង ៣០០ពាន់លានរៀល

ភ្នំពេញ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា គិតចាប់ពីដាក់ឲ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងកម្ពុជា បានផ្តល់សេវាចំនួន ២.១០០.៨៤៤សេវា លើ១៤វិស័យ និងទទួលបានចំណូលសរុបចំនួន ៣០៣.០៣៤.៨២៤.១០៩រៀល។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ខៀវ សុភ័គ បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ត្រូវបានដាក់ឲ្យដំណើរការ នៅពាក់កណ្តាលឆ្នាំ២០១៨។

លោកមានប្រសាសន៍ថា «គិតចាប់ពីពេលដាក់ឲ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្តទាំង ២៥ ផ្តល់សេវាបានចំនួន ២.១០០.៨៤៤សេវា លើ១៤វិស័យ ទទួលបាន ចំណូលសរុប ៣០៣.០៣៤.៨២៤.១០៩រៀល»។

លោកបន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ៖ បច្ចុប្បន្នមានចំនួន ២០៤ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ បានផ្តល់សេវាបាន ៧.៦៧០.៤៨៣ សេវា លើ១៧វិស័យទទួលបានចំណូលសរុប ៧៨.៩២២.៦៨៥.០៥៨រៀល។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក៏បានពិនិត្យនិងផ្តល់អនុលោមភាពលើគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត សរុបចំនួន ១.៨៨៦គម្រោង ដែលភាគច្រើនជាគម្រោងជួសជុល-សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ សួនច្បារសាធារណៈ អគាររដ្ឋបាល បណ្តាញអគ្គិសនី គំនូសចរាចរណ៍ និងសំណង់សិល្បការនានា។

លោកបន្ថែមទៀតថា ក្រោមការសម្របសម្រួលពីក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសបានអនុវត្តគម្រោង មូលនិធិក្រុង ស្រុកចំនួន ២.៣៦១គម្រោង និងគម្រោង មូលនិធិ ឃុំ សង្កាត់ចំនួន ៩.៤៤៣គម្រោង។ លើស ពីនេះ ក្រោមក្របខ័ណ្ឌមូលនិធិទ្រទ្រង់ថវិកាឆ្នាំ២០១៦-២០១៩ ពី ADB ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រការកសាងអគាររដ្ឋបាល និងអគារ សាលប្រជុំសាលាស្រុកចំនួន ៧ និងអគាររដ្ឋបាលឃុំ សង្កាត់ចំនួន ១២៥ ដោយចំណាយថវិកាសរុបអស់ ១០លានដុល្លារ៕

To Top