ព័ត៌មានអន្តរជាតិ

លោក Biden អនុញ្ញាត​ឱ្យ​មាន​ អាវុធ​បន្ថែម​ទៀត​ សម្រាប់​អ៊ុយក្រែន គិតជាប្រាក់រាប់រយ លានដុល្លារ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានបញ្ជាឱ្យ បញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមាន​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ចំណាយ​ចុង​ក្រោយ​បង្អស់​នឹង​មាន​អ្វី​នោះ​ទេ​ គ្រាន់​តែ​ថា​វា​នឹង​ក្លាយ​ ជា​ការ​ចំណាយមួយ​ទៀត ​នៃ​ក្រសួង​ការពារ​ជាតិ​ «អត្ថបទ​និង​សេវាកម្ម​ការពារ​ជាតិ»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានបំភ្លឺនៅពេលក្រោយថា កញ្ចប់ជំនួយនឹងរួមបញ្ចូលបរិមាណមិនជាក់លាក់នៃ “គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS)” រាប់ពាន់គ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ និង Humvees ច្រើនជាង 200 បន្ថែមទៀត។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ចំនួនពីរ ក្នុងចំណោមប្រព័ន្ធការពារ ដែនអាកាស NASAMS ចំនួនប្រាំបី ដែលខ្លួនបានសន្យាជាយូរមកហើយ ទៅកាន់ប្រទេសអ៊ុយក្រែន។ យ៉ាង​ណា​មិញ កញ្ចប់​ថ្មី​នេះ​នឹង​មិន​រួម​បញ្ចូល​ សមត្ថភាព​ប្រឆាំង​ ដែនអាកាសបន្ថែម​ទៀត​ទេ។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានសន្យាថា នឹងបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរទៅលើអ៊ុយក្រែនកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងមូស្គូបាននិយាយថា ពួកគេឆ្លើយតបទៅនឹង “កលល្បិចភេរវករ” ដែលប្រើប្រាស់ដោយទីក្រុងគៀវ ដែលរួមមានការប៉ុនប៉ងបំផ្លិចបំផ្លាញនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk និងបំពង់បង្ហូរឧស្ម័ន TurkStream ក៏ដូចជាការទម្លាក់គ្រាប់បែកលើស្ពាន Crimean ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top