ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើនការផលិតយន្តហោះ គ្មានមនុស្សបើក សម្រាប់ប្រយុទ្ធនៅក្នុងជម្លោះយោធា ជាមួយអ៊ុយក្រែន

បរទេស៖ រុស្ស៊ីត្រូវការបង្កើនការផលិតយន្តហោះ គ្មានមនុស្សបើកប្រភេទផ្សេងៗ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកទាំងនោះ បានបង្ហាញប្រសិទ្ធភាពប្រយុទ្ធ នៅក្នុងជម្លោះយោធាដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងគៀវ។ នេះបើតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីថ្ងៃសុក្រ លោក Medvedev ដែលពីមុនធ្លាប់ធ្វើជាប្រធានាធិបតី របស់ប្រទេសរុស្ស៊ីបាននិយាយថា “UAVs បានបង្ហាញពីប្រសិទ្ធភាពរបស់ពួកគេ នៅក្នុងជម្លោះសម័យទំនើប។ ការប្រើប្រាស់របស់យន្តហោះប្រភេទនេះ នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស គឺជាតម្រូវការបន្ទាន់»។

លោក​បាន​បន្ត​ថា រុស្ស៊ី​នៅ​មិន​ទាន់​បង្កើត​ផលិតកម្ម​ខ្នាត​ធំ​ នៃ​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើកនោះទេ។ លោក Medvedev ក៏បាននិយាយផងដែរថា ថ្មីៗនេះបានទៅទស្សនា “មជ្ឈមណ្ឌលបច្ចេកវិទ្យាពិសេស” ទីក្រុង St. Petersburg ដើម្បីត្រួតពិនិត្យការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ “Orlan” ដែលបញ្ជាដោយរដ្ឋាភិបាលរុស្ស៊ី។

ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ក៏ដូចជាការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំ នៅសប្តាហ៍នេះ លើគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែន បានជំរុញឱ្យរដ្ឋាភិបាលក្រុងគៀវរំលឹកឡើងវិញ នូវការទាមទាររបស់ពួកគេដែលថា បណ្តាប្រទេសលោកខាងលិច ត្រូវតែផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន ជាមួយនឹងអាវុធប្រឆាំងយន្តហោះបន្ថែមទៀត៕ សម្រួលៈ ណៃ តុលា

To Top