AHMEDABAD៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៣២នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា នៅគ្រាដែលស្ពានថ្មើរជើង សម័យអាណានិគម ដែលផ្ទុកលើសទម្ងន់ ដោយអ្នកគោរពសាសនាបានបាក់ស្រុត ចូលទៅក្នុងទន្លេដែលនៅខាងក្រោម ។
អាជ្ញាធរបានបញ្ជាក់ថា មនុស្សជិត៥០០នាក់កំពុង ប្រារព្ធពិធីបុណ្យសាសនាមួយនៅនិងជុំវិញស្ពាន ដែលស្ពាននេះមានអាយុកាលជិត១៥០ឆ្នាំហើយ នៅទីក្រុង Morbi នៅគ្រាដែលខ្សែសម្រាប់ទ្រទ្រង់ បានឆក់ភ្លាមៗបន្ទាប់មេឃចាប់ផ្តើម ងងឹតកាលពីថ្ងៃអាទិត្យ ។
សំណង់នៅរដ្ឋ Gujarat ភាគខាងលិច នៃប្រទេសបានធ្លាក់ចូលទៅក្នុងទន្លេ ធ្វើឲ្យមនុស្សរាប់សិបនាក់ធ្លាក់ចូលទៅក្នុងទឹក ខណៈដែលអ្នកផ្សេងទៀត បានតោងជាប់នឹងបំណែកបាក់ បែកដោយស្រែកឱ្យគេជួយ ។
សាក្សីម្នាក់ដែលធ្វើការទាំងយប់ ដែលព្យាយាមជួយសង្គ្រោះ បាននិយាយដោយមិនប្រាប់ឈ្មោះថា “ខ្ញុំបានឃើញស្ពានបាក់នៅចំពោះមុខខ្ញុំ” ។
“វាជាការឈឺចាប់ណាស់នៅគ្រា ដែលស្ត្រីម្នាក់បង្ហាញរូបថតកូនស្រីរបស់នាងឱ្យខ្ញុំ ហើយបានសួរ ថាតើ ខ្ញុំបានជួយនាងដែរឬអត់ ។ ខ្ញុំមិនអាចប្រាប់នាងបានទេថា កូនស្រីរបស់នាងបានស្លាប់” ។
សាក្សីម្នាក់ទៀតឈ្មោះ Supran បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ស្ពាននេះមានការកកស្ទះខ្លាំង ។
លោកបាននិយាយថា “ខ្សែភ្លើងបានខ្ទាស់ ហើយស្ពានបានធ្លាក់ក្នុង១វិនាទីប៉ុណ្ណោះ ។ មនុស្សបានធ្លាក់ចូលទៅក្នុងទឹកទន្លេ៕