ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា កម្ពុជា-ចិន រួមគ្នាបង្ការ និងទប់ស្កាត់បដិវត្តន៍ពណ៌ តាមរយៈការពង្រឹងការផ្លាស់ប្ដូរបទពិសោធន៍ អភិបាលកិច្ចជាតិ។
ក្នុងសិក្ខាសាលាស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី» នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wang Wentian បានថ្លែងថា «ភាគីទាំងពីរប្រកាន់ខ្ជាប់នូវទំនាក់ទំនង និងការរៀនពីគ្នាទៅវិញទៅមក បន្តពង្រីកទំនាក់ទំនងវប្បធម៌មនុស្សជាតិ បង្កើនមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ រួមគ្នាបង្ការ និងទប់ស្កាត់បដិវត្តពណ៌ តាមរយៈការពង្រឹងការផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិ»។
លោកទូត បន្ដថា ក្នុងស្ថានភាពជំងឺកូវីដ១៩ ជើងហោះហើរដោយផ្ទាល់រវាងកម្ពុជានិងចិន មានច្រើនជាងគេ និស្សិតកម្ពុជាអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញក៏មានអត្រាច្រើនជាងគេផងដែរ។ លោក បន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ បងប្អូនល្អ របស់ប្រទេសកម្ពុជា ភាគីចិន នឹងធ្វើឱ្យលទ្ធផលនៃកាអភិវឌ្ឍប្រទេសរបស់ខ្លួន ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន នៅក្នុងដំណើរជំរុញការធ្វើទំនើបកម្មបែបផែនចិន។
ដោយឡែក លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន តាមរយៈជំនួយដ៏ប្រពៃនេះ បានបញ្ជាក់ឱ្យឃើញថា សភារដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ព្រឹទ្ធសភាកម្ពុជា ជាបន្តបន្ទាប់ ទោះបីជាអ័ព្ទនៃជំងឺជំងឺកូវីដ-១៩មិនទាន់រលុបបាត់យ៉ាងណាក៏ដោយ ក៏មិត្តចិននៅតែជួយជ្រោមជ្រែងដល់ព្រឹទ្ធសភាកម្ពុជា តាមរយៈជំនួយមកអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផ្ទាល់ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈសហគ្រាសនិងសង្គមស៊ីវិលចិននានា។
នាឱកាសនោះដែរ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនសិក្ខាសាលាលើកនេះ ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាលើពិភពលោក នេះគឺជាសមាជមួយដ៏សំខាន់ណាស់ ដែលធ្វើឡើងចំពេកគន្លឹះដែលប្រទេសចិនឈានទៅរកដំណើរជោគជ័យថ្មី និងឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំទីពីរ។
លោក បន្ថែមថា ជិត ១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍យ៉ាងធំធេង ដែលមិនអាចកាត់ផ្ដាច់ចេញពីការដឹកនាំដ៏មហិមារបស់បក្សកុម្មុយនីស្តចិននោះទេ។ ការអភិវឌ្ឍនៃប្រទេសចិន មុខជានឹងជំរុញដល់ការអភិវឌ្ឍនៃពិភពលោក៕