ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ធ្វើតេស្តសាកល្បងបាញ់ បង្ហោះផ្កាយរណប Qaem-100

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានធ្វើការសាកល្បងបាញ់បង្ហោះ ផ្កាយរណប Qaem-100 ដែលប្រើប្រាស់ឥន្ធនៈរឹង៣ដំណាក់កាល ។

របាយការណ៍របស់ IRNA បានឲ្យដឹងថា ម៉ាស៊ីនដំណាក់កាលទី១ នៃផ្កាយរណប Qaem-100 ដែលបានបញ្ចប់ការសាកល្បងលើដីរបស់ខ្លួនកាលពីខែមករា បានឆ្លងកាត់ការហោះហើរក្រោមគន្លងដំបូងរបស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ IRNA បានឲ្យដឹងដូច្នេះ ។

គ្រាប់រ៉ុក្កែតនេះអាចដាក់ផ្កាយរណប មានទម្ងន់៨០គីឡូក្រាមទៅក្នុងគន្លងចម្ងាយ៥០០គីឡូម៉ែត្រពីលើផ្ទៃផែនដី ។

យោងតាមរបាយការណ៍បានឱ្យដឹងថា បន្ទាប់ពីការធ្វើតេស្តពាក់ព័ន្ធ ពេលនេះផ្កាយរណប Qaem-100 បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ជូនទៅកាន់ដងតារាវិថី Nahid ដែលផលិតដោយក្រសួងព័ត៌មាន និងទំនាក់ទំនង ។

គួររំលឹកថា កាលពីខែសីហា ប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណប Khayyam ទៅកាន់គន្លងតារាវិថីចម្ងាយ៥០០ គីឡូម៉ែត្រពីលើផ្ទៃផែនដី ដោយប្រើរ៉ុក្កែត Soyuz-2.1b ពីស្ថានីយ៍អវកាស Baikonur ដែលដំណើរការដោយរុស្ស៊ី ក្នុងប្រទេសកាហ្សាក់ស្ថាន ។

ផ្កាយរណបនេះត្រូវបាន ប្រើដើម្បីតាមដានផលិតភាព កសិកម្មរបស់ប្រទេស និងការរុករករ៉ែ និងដើម្បីដោះស្រាយ ការកាប់បំផ្លាញព្រៃឈើ និងគ្រោះថ្នាក់ធម្មជាតិ ឬបរិស្ថានផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top