ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ប្រកាសថា ខ្លួនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមពីសម្ព័ន្ធមិត្តលោកខាងលិច

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសអ៊ុយក្រែនបានប្រកាសថា ខ្លួនបានទទួលប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្តយោធាលោកខាងលិច ខណៈដែលក្រុមមន្ត្រីនៅទីក្រុង គៀវ បានស្នើឱ្យប្រជាជនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់រុស្ស៊ី មកត្រូចចំកន្លែងផលិតចែកចាយថាមពលអគ្គីសនី ។

សព្វាវុធថ្មីនេះបានកើតឡើង ខណៈដែលមានសញ្ញាសួរដេញដោលលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនមុនការបោះឆ្នោតនៅថ្ងៃអង្គារដែលនឹងកំណត់ការគ្រប់គ្រងរបស់សភាអាមេរិក ។

គណបក្សសាធារណរដ្ឋ ដែលអ្នកវិភាគបានលើកឡើងថា នឹងឈ្នះសភាតំណាងរាស្រ្ត និងប្រហែលជាព្រឹទ្ធសភាផងដែរនោះ បានសម្តែងការព្រួយបារម្ភអំពីកម្រិតនៃការចំណាយសម្រាប់អ៊ុយក្រែន ទោះបីជាសេតវិមានប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាគាំទ្រ “មិនផ្លាស់ប្តូរ” សម្រាប់ក្រុង គៀវ ដោយមិនគិតពីលទ្ធផលបោះឆ្នោតក៏ដោយ ។

ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនកំពុងស្នើសុំក្រុមហ៊ុនថាមពល និងផលិតកម្មជាច្រើនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់យោធា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ។

ការវាយប្រហារដោយកងកម្លាំងរបស់ក្រុងម៉ូស្គូ រួមទាំងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់កាលពីខែមុន បានបំផ្លាញស្ថានីយថាមពលរបស់អ៊ុយក្រែនប្រហែល៤០ភាគរយ ៕

To Top