ព័ត៌មានអន្តរជាតិ

បទវិភាគ៖ តើអំពើហិង្សាដោយកាំភ្លើង អាចត្រូវបានទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការវាស់វែងសិទ្ធិមនុស្ស របស់អាមេរិក

នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារមួយ បានកើតឡើងនៅផ្សារទំនើប Walmart ក្នុងទីក្រុង Chesapeake រដ្ឋVirginia អាមេរិក បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ករណីបាញ់ប្រហារមួយ បានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង២៥នាក់រងរបួស។

នេះក៏បានបណ្តាលឱ្យចំនួន ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅអាមេរិកបានលើសពី ៦រយករណី ក្នុង៣ឆ្នាំជាប់ៗគ្នា។ “ខ្ញុំបានឃើញកាំភ្លើង។ ស្នូរកាំភ្លើងបានលាន់ឮមួយជុំទៅមួយជុំ។ វាគួរឱ្យរន្ធត់ណាស់។ ពេលនោះ ខ្ញុំបានលាក់ខ្លួននៅក្រោយហើយ បានឃើញបំណែកកញ្ចក់ខ្ទាតជុំវិញ គ្រាប់កាំភ្លើងបានបាញ់កំទេចដប” លោកMichael Anderson អ្នករស់រានមានជីវិតមួយរូប ក្នុងករណីបាញ់ប្រហាររដ្ឋ Colorado បានរំលឹកដោយភ័យរន្ធត់ ។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិកទើបតែបានបញ្ចប់ ហើយបញ្ហាអំពីអំពើហិង្សា ដោយកាំភ្លើងបានទទួលការ ចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។ លោកចូ បៃឌិនប្រធានាធិបតីអាមេរិកបានថ្លែងថា គប្បីត្រូវដោះស្រាយ “ជំងឺរីករាតត្បាត” នៃអំពើហិង្សាដោយកាំភ្លើង។ ប៉ុន្តែស្នូរកាំភ្លើងម្តងៗ បានប្រាប់ប្រជាជនថា “ជំងឺរាតត្បាតបែបអាមេរិក” នេះ កាន់តែធ្ងន់ឡើងៗ។
នៅអាមេរិកសព្វថ្ងៃនេះ មិនថាមនុស្សដើរតាមផ្លូវ សិក្សានៅសាលារៀន ឬផឹកស្រាក្នុងបារក៏ដោយ ពួកគេសុទ្ធតែអាចនឹងជួបហានិភ័យ បាញ់ប្រហារគ្រប់ពេលវេលា។ ការគំរាមកំហែងដល់អាយុជីវិត របស់ប្រជាជនអាមេរិក ការប៉ះពាល់ដល់ផ្លូវចិត្តសាធារណៈជន និងការបំផ្លិចបំផ្លាញដល់សង្គម នៃអំពើហិង្សាដោយកាំភ្លើង កំពុងកាន់តែស្រួចស្រាវបន្ដិចម្ដងៗ ។

ចំនួនប្រជាជនអាមេរិកត្រូវជា ៤,២ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែកាំភ្លើងស៊ីវិលត្រូវជា៤៦ភាគរយ នៃចំនួនកាំភ្លើងស៊ីវិលពិភពលោក។ ជាមួយនឹងសមាមាត្រមិនប្រក្រតីបែបនេះ អត្រាស្លាប់ដោយសារអំពើហិង្សា ដោយកាំភ្លើងរបស់អាមេរិក បានលើសពីប្រទេសអភិវឌ្ឍន៍ ដទៃទៀតយ៉ាងឆ្ងាយ។ ទិន្នន័យថ្មីបំផុតនៃវេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង” របស់អាមេរិក បានបង្ហាញឱ្យឃើញថា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា បានមានមនុស្សជាង ៣ម៉ឺន៩ពាន់នាក់ បានបាត់បង់ជីវិតដោយសារ អំពើហិង្សាដោយកាំភ្លើង នៅអាមេរិកក្នុងឆ្នាំនេះរួចហើយ។

ទន្ទឹមនឹងពេលនេះ ចិត្តគំនិតរបស់ប្រជាជនអាមេរិក ក៏រងផលប៉ះពាល់យ៉ាងខ្លាំង ដោយអំពើហិង្សាដោយកាំភ្លើងផងដែរ ។ យោងតាមកាសែត《U.S.News&WorldReport》បានឱ្យដឹងថា យ៉ាងហោចណាស់ ជាងពាក់កណ្តាលនៃករណី អត្តឃាតនៅអាមេរិកក្នុងមួយឆ្នាំ សុទ្ធតែទាក់ទងទៅនឹង ការប្រើប្រាស់កាំភ្លើង។

សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលសំខាន់ជាងគេ របស់មនុស្ស ។ តើអំពើហឹង្សាដោយកាំភ្លើង អាចត្រូវបានទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់ សហគមន៍អន្តរជាតិក្នុងការវាស់វែង សិទ្ធិមនុស្សរបស់អាមេរិក ។ បើសិនជាចង់ឱ្យសង្គមអាមេរិក មិនឮស្នូរកាំភ្លើងជាម្តងទៀតទេ អ្នកនយោបាយអាមេរិកមិនមែន អត់មានមធ្យោបាយនោះទេ ប៉ុន្តែជាគន្លឹះសំខាន់គឺ តើពួកគេចង់ដោះស្រាយវា ពិតប្រាកដឬអត់ ៕

To Top