ព័ត៌មានអន្តរជាតិ

បទវិភាគ៖ បរាជ័យមួយទៀតរបស់អាមេរិក ក្នុងការទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧ នៃប្រទេស G២០ នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។ នេះគឺជាលើកដំបូងដែលលោក XiJinping ប្រធានរដ្ឋចិនបានចូលរួម ក្នុងកិច្ចប្រជុំកំពូលពហុភាគី បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើដោយជោគជ័យ ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃបណ្តាបស្ចិមប្រទេស ដែលដឹកនាំដោយលោកចូ បៃឌិនប្រធានាធិបតីអាមេរិក បាននាំគ្នាជួបប្រាស្រ័យជាមួយ ប្រមុខរដ្ឋចិនសំឡេងរបស់ប្រទេសចិន បានក្លាយជាចំណុចក្តៅ ដែលមតិសាធារណៈអន្តរជាតិ យកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយវាជាសញ្ញាកត់សម្គាល់ នូវបរាជ័យមួយទៀតរបស់អាមេរិក ក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

ថ្ងៃទី១៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបប្រាស្រ័យ ទល់មុខគ្នាជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកនៅកោះបាលី ដោយបានផ្លាស់ប្តូរមតិយោបល់ យ៉ាងស្មោះត្រង់និងស៊ីជម្រៅ ស្តីពីបញ្ហាសំខាន់ៗដែលទាក់ទង នឹងទំនាក់ទំនងរវាងចិននិងអាមេរិក និងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ នេះគឺជាការជួបប្រាស្រ័យទល់មុខគ្នា លើកដំបូងរវាងប្រមុខរដ្ឋចិននិងអាមេរិក ក្នុងរយៈពេលជាងបីឆ្នាំ ជាពិសេសគឺចាប់តាំងពី បានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ហើយវាក៏ជាព្រឹត្តិការណ៍ទ្វេភាគីមួយ លើកដែលទាក់ទាញការយកចិត្ត ទុកដាក់បំផុតពីសហគមន៍អន្តរជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 ផងដែរ ។

សហគមន៍អន្តរជាតិបាន វាយតម្លៃវិជ្ជមានជាទូទៅចំពោះសមិទ្ធផល និងសារសំខាន់នៃកិច្ចជំនួបលើកនេះ ដោយជឿជាក់ថា “កិច្ចជំនួបកំពូលក្នុងកិច្ចប្រជុំកំពូល” លើកនេះគឺធ្វើឡើងក្នុងឱកាសពិសេស ដែលមានសារសំខាន់ណាស់ វាចាប់ដំណើរការនូវ “ការកសាងស្ពាន” រវាងប្រទេសចិននិងអាមេរិក ដែលនឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ដល់ទិសដៅអភិវឌ្ឍន៍នៃ ទំនាក់ទំនងចិននិងអាមេរិក ក៏ដូចជាបម្រែបម្រួលនៃ រចនាសម្ព័ន្ធអន្តរជាតិផងដែរ ។

ក្នុងរយៈពេលជាយូរណាស់មកហើយ ការវិនិច្ឆ័យខុសយ៉ាងធ្ងន់ធ្ងរ របស់អាមេរិកចំពោះទិសដៅ យុទ្ធសាស្ត្រនៃប្រទេសចិន ព្រមនិងចលនាអវិជ្ជមានមួយចំនួន ដែលបង្កឡើងដោយសារការវិនិច្ឆ័យខុសនេះ បានបណ្តាលឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកមានភាពតានតឹងយ៉ាងខ្លាំង ។ តាំងពីខែសីហាឆ្នាំ២០២២មក ប្រទេសចិនបានផ្អាកកិច្ចសន្ទនា មួយចំនួនរវាងចិននិងអាមេរិក។ ជាការពិតសម្រាប់លោក ចូ បៃឌិន ការជួបប្រាស្រ័យលើកនេះ គឺមានតម្លៃណាស់ ពីព្រោះលោកបានស្នើសុំជួបប្រាស្រ័យ ជាមួយប្រមុខរដ្ឋចិនតាំងពី ជាងមួយឆ្នាំមុនមកម្លេះ ប៉ុន្តែសំណើនេះត្រូវបាន ភាគីចិនបដិសេធ ហើយលោក ចូ បៃឌិន បានរង់ចាំជាងមួយឆ្នាំ ទើបអាចជួបប្រមុខរដ្ឋចិនបាន។ ហេតុអ្វីបានជាលោកចូ បៃឌិន ប្រញាប់ចង់សម្រេចបាននូវ ការជួបប្រាស្រ័យរវាងប្រមុខរដ្ឋចិន និងអាមេរិក មូលហេតុជាគន្លឹះគឺមិនថា កិច្ចការផ្ទៃក្នុងឬការទូត មិនថាបញ្ហាក្នុងតំបន់ ឬបញ្ហាអាកាសធាតុក៏ដោយ ក៏អាមេរិកសុទ្ធតែមិនអាចកាត់ផ្ដាច់ ពីកិច្ចសហប្រតិបត្តិការរបស់ ប្រទេសចិនបានឡើយ។

សហភាពអឺរ៉ុប គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត មួយរបស់អាមេរិក ក៏ជាបៀដ៏សំខាន់មួយសន្លឹក របស់អាមេរិកក្នុងការទប់ស្កាត់ ការងើបឡើងវិញរបស់ប្រទេសចិនផងដែរ។ ប្រទេសអាមេរិកញុះញង់ សម្ព័ន្ធមិត្តអឺរ៉ុបផ្តាច់ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយគ្រោងនឹងឆ្លៀតសង្រ្គាម រវាងអ៊ុយក្រែននិងរុស្ស៊ី ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចសហភាពអឺរ៉ុប ហើយអូសទាញសហភាពអឺរ៉ុបរួមគ្នា ទប់ស្កាត់ប្រទេសចិន។ នៅទីបំផុត សង្រ្គាមអ៊ុយក្រែននិងរុស្ស៊ី នៅមិនទាន់បញ្ចប់នៅឡើយ ប្រទេសអាល្លឺម៉ង់ដែលជា ប្រទេសសំខាន់នៃសហភាពអឺរ៉ុប ក៏បាននាំមុខបំបែកភាពជាប់គាំង ជាមួយប្រទេសចិន ក្នុងមួយរយៈពេលកន្លងទៅ។ នៅថ្ងៃទី៤ខែវិច្ឆិកា លោកScholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានដឹកនាំសហគ្រាសអន្តរជាតិចំនួនជាង ១០របស់អាល្លឺម៉ង់ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានចុះហត្ថលេខាលើ បញ្ជីទិញមួយចំនួន។ បន្ទាប់ពីអាល្លឺម៉ង់បាន ភ្លក្សរសជាតិផ្អែមនេះហើយ ប្រមុខរដ្ឋនៃប្រទេសអឺរ៉ុបជាច្រើន ដូចជាប្រទេសបារាំងជាដើម ក៏ចង់នាំគ្នាទៅបំពេញទស្សនកិច្ច នៅប្រទេសចិនដែរ ។ វេបសាយនយោបាយអាមេរិកឈ្មោះ Politico បានចេញផ្សាយអត្ថបទថា នៅក្នុងកិច្ចប្រជុំកំពូលG20 “មេដឹកនាំនៃប្រទេសអឺរ៉ុប គ្រប់រូបសុទ្ធតែចង់ជួបប្រាស្រ័យ ទល់មុខជាមួយលោក Xi Jinping ប្រធានរដ្ឋចិន” ។ នៅក្រោមស្ថានភាពបែបនេះ ប្រសិនបើរដ្ឋាភិបាលអាមេរិក បន្តធ្វើឱ្យទំនាក់ទំនងជាមួយ ប្រទេសចិនកាន់តែអាក្រក់ទៅៗ នោះអាមេរិកនឹងនៅឯកោ និងអាម៉ាស់ទាំងស្រុងខាងការទូត នាពេលអនាគត។

ខណៈពេលដែលស្ថានការណ៍ វិវត្តមកដល់ពេលបច្ចុប្បន្ននេះ មិនថាដោយសារកត្តាផលប្រយោជន៍ក៏ដោយ ឬការគិតគូរពីតុល្យភាពយុទ្ធសាស្ត្រ រវាងចិននិងអាមេរិកក៏ដោយ ក៏សហភាពអឺរ៉ុបកំពុងពន្លឿន ការឃ្លាតឆ្ងាយពីអាមេរិក បង្វែរទៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនឱ្យកាន់តែស៊ីជម្រៅ ។ កិច្ចសហប្រតិបត្តិការបែបនេះ បើនិយាយចំពោះប្រទេសចិន គឺមានអត្ថប្រយោជន៍ ហើយគ្មានផលប៉ះពាលអីសោះ។ ប៉ុន្តែបើនិយាយចំពោះអាមេរិកវិញ វាគឺជាបរាជ័យខាង យុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ។ រង្វង់មិត្តភក្តិរបស់ប្រទេសចិន កំពុងពង្រីកជាបន្តបន្ទាប់ ហើយការឡោមព័ទ្ធរបស់ អាមេរិកកាន់តែតូចទៅៗ ការប៉ុនប៉ងរបស់អាមរិក ក្នុងការទប់ស្កាត់ការងើបឡើងវិញ របស់ចិនមុខជានឹងទទួល បរាជ័យជាក់ជាមិនខាន!

To Top