ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០០២២នេះ បានសម្រេចឃុំខ្លួន ស្រ្តីត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយនូវ ទឹកប្រាក់ប្រមាណ ១២៥.០០០ដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០២២ ។
យោងតាមដីកាតុលាការ បានឲ្យដឹងថា ស្រ្តីត្រូវចោទ រូបនេះ មានឈ្មោះ វន មករា ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅ ផ្ទះលេខ៤៩ ផ្លូវ០១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនត្រូវចោទ ឈ្មោះ វន មករា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។
ស្រ្តីត្រូវចោទ ត្រូវបាននគរបាល ចាប់ខ្លួន ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ និង ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ៕
ដោយ: លីហ្សា