ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។
កម្មវិធីនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឡើងអានសុន្ទរកថាស្វាគមន៍ ជាមួយ នឹងការអានសាររបស់ លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការសហគមន៍នៃលេខាធិការដ្ឋានអាស៊ាន បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុទ្ទរកថាគន្លឹះបើកកម្មវិធីតែម្តង។
បន្ទាប់មកនៅ ព្រឹក ថ្ងៃទី០២ ខែធ្នូដដែល ក្រោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់កម្មវីធីទៅ កម្មវិធី នឹងបន្តបើកកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF៕