ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោង និងកម្មវិធីចំនួន៦ ដែលមានទឹកប្រាក់ចំនួន ៣៨១,៤៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ។ នាឱកាសនោះ ក៏បានចុះហត្ថលេខា នូវហិរញ្ញប្បទាន ជំនួយបច្ចេកទេសចំនួន១ ដែលមានទឹកប្រាក់ចំនួន ១.៧លានដុលា្លរ សម្រាប់គាំទ្រ ដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍ វិស័យថាមពល ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី២២ ធ្នូ បានឱ្យដឹងថា គម្រោងទាំង៦ ត្រូវអនុវត្តដូចជា ៖ ទី១-កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១ ,ទី២-គម្រោងជលផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព ,ទី៣-គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញ ខ្សែច្រវាក់តម្លៃសត្វ ,ទី៤-គម្រោងសុខភាពតាមតំបន់ព្រំដែន ក្នុងមហាអនុតំបន់មេគង្គ ,ទី៥-កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ និងទី៦-គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សា ។
សូមបញ្ជាក់ថា ពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការនេះ បានរៀបចំឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា លោកស្រី Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា និងលោកស្រី Sandrine Boucher នាយកស្ថាន តំណាងរបស់ AFD ប្រចាំនៅកម្ពុជា៕