បរទេស៖ តុលាការក្រុងមូស្គូ របស់រុស្ស៊ី កាលពីថ្ងៃអង្គារបានកាត់ទោស អតីតសមាជិកព្រឹទ្ធសភារុស្ស៊ី លោក Rauf Arashukov និងឪពុកឈ្មោះ Raul ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងឃាតកម្មដ៏ល្បីមួយ។ អតីតសមាជិកសភារូបនេះ ត្រូវបានឃុំខ្លួនកាលពីឆ្នាំ ២០១៩ ពេលចូលរួមប្រជុំសភា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋអាជ្ញានៅពេលនោះ គឺលោក Yury Chaika និងប្រធានគណៈកម្មាធិការស៊ើបអង្កេត លោក Aleksandr Bastrykin បានដឹកនាំការឃុំខ្លួនដោយផ្ទាល់។ សមាជិកព្រឹទ្ធសភាផ្សេងទៀតបានបោះឆ្នោត ដកអភ័យឯកសិទ្ធិសភាពីលោក Rauf Arashukov ក្នុងសម័យប្រជុំដូចគ្នានោះ។
ចៅក្រមបាននិយាយកាលពីថ្ងៃអង្គារថា “តុលាការមិនឃើញមានឧបសគ្គ ក្នុងការកាត់ទោស Raul និង Rauf Arashukov ឱ្យជាប់គុកអស់មួយជីវិតទេ” ។ គណៈវិនិច្ឆ័យបានរកឃើញថា អតីតសមាជិកព្រឹទ្ធសភា និងឪពុករបស់គាត់មានពិរុទ្ធពីបទ រៀបចំឃាតកម្មលើអនុប្រធានចលនា យុវជនក្នុងស្រុក Aslan Zhukov និងជំនួយការមេដឹកនាំតំបន់ Karachay-Cherkessia ភាគខាងត្បូងនៃប្រទេសរុស្ស៊ីគឺ Fral Shebzukhov ។
យោងតាមទីភ្នាក់ងារព័ត៌មាន RIA Novosti បានឲ្យដឹងថា មានតែសមាជិកគណៈវិនិច្ឆយម្នាក់ប៉ុណ្ណោះ ដែលបានរកឃើញថាកំហុសរបស់ បុរសទាំងពីរនាក់នោះមិនត្រូវបាន គេបង្ហាញឱ្យឃើញគ្រប់គ្រាន់ទេ ហើយថាពួកគេសមនឹងទទួលបានការបន្ធូរបន្ថយ។ Raul Arashukov ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទលួចលុយជាង ៤,៤ ពាន់លាន rubles (៦២ លានដុល្លារ) ពីក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ។ នៅក្នុងខែកញ្ញា គណៈវិនិច្ឆ័យក៏បានរកឃើញថា ២នាក់ ឪពុកកូនមានពិរុទ្ធក្នុងការបង្កើតក្រុមឧក្រិដ្ឋជន ដោយមានគោលដៅលួចប្រាក់ចំនួន ៣០ ពាន់លានរូប្លែ (៤២៥ លានដុល្លារ) ពីក្រុមហ៊ុន ៕
ប្រែសម្រួលៈ ណៃ តុលា