ព័ត៌មានអន្តរជាតិ

អាមេរិក ឆ្លើយតបខុសពីកូរ៉េខាងត្បូង ពាក់ព័ន្ធបញ្ហាធ្វើលំហាត់សមយុទ្ធ នុយក្លេអ៊ែររួមគ្នា

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានចេញមកធ្វើការ ប្រកាសបដិសេធថា មិនមានផែនការណាមួយក្នុងការធ្វើសមយុទ្ធយោធាបែបលំហាត់នុយក្លេអ៊ែរ ជាមួយនឹងកូរ៉េខាងត្បូងដូចដែល បានលើកឡើងមុននេះឡើយ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ច្បាស់ហើយថា អាមេរិកនឹងមិនចូលរួមសមយុទ្ធយោធា បែបនេះឡើយខណៈ ដែលមុននេះបន្តិចប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងអាចចូលរួមធ្វើសមយុទ្ធយោធា បែបនេះរួមគ្នានាពេលខាងមុខ។

នៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត នៅឯសេតវិមានលោកប្រធានាធិបតី Joe Biden បានឆ្លើយតបភ្លាមៗហើយខ្លីថា នឹងមិនមានទេគឺមិនមានការពិភាក្សាណាមួយបានកើតឡើង នៅឡើយពីព្រោះថា លោកទើប
តែបញ្ចប់រដូវវិស្សមកាល របស់ខ្លួនពីដែនកោះ Virgin island ។

គួរឲ្យដឹងដែរថាកាលពីមុននេះលោក Yoon បានថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត ក្នុងស្រុកដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថាសមយុទ្ធដែលមានឈ្មោះថា ត្រៀមខ្លួនសម្រាប់សង្គ្រាមឬ War Preparation បន្ទាប់ពី មានការធ្វើ តេស្តមីស៊ីលជាច្រើនលើកច្រើនសាពីសំណាក់ប្រទេសកូរ៉េខាងជើង នោះនឹងត្រូវធ្វើឡើងឆាប់ៗនេះជាមួយ នឹងដៃគូសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top