ព័ត៌មានអន្តរជាតិ

ជប៉ុន​ ថ្កោលទោសចិន​ ចំពោះ​ការ​ផ្អាក​ ការ​ផ្តល់​ទិដ្ឋាការ​ ដល់​ពលរដ្ឋ​របស់​ខ្លួន

តូក្យូ៖​ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបានតវ៉ា ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន​ ក្នុងការផ្អាកការផ្តល់ទិដ្ឋាការ ដល់អ្នកដំណើរជប៉ុន និងបានជំរុញឱ្យប្រទេសនេះ លុបចោលវិធានការ ដែលត្រូវបានគេមើលឃើញថា​ ជាការសងសឹកចំពោះទីក្រុងតូក្យូ​ ដែលទទួលយកការរឹតបន្តឹង ការចូលប្រទេសពីពលរដ្ឋចិន ​ដោយសារជំងឺកូវីដ-១៩។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “វាជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលប្រទេសចិន​ កំពុងដាក់កម្រិតលើការចេញទិដ្ឋាការ សម្រាប់ហេតុផលក្រៅពី វិធានការណ៍ប្រឆាំងវីរុសថ្មី” ។

ប្រទេសចិន​ បានបញ្ឈប់ការចេញទិដ្ឋាការថ្មី ដល់អ្នកដំណើរជនជាតិជប៉ុន និងកូរ៉េខាងត្បូង​ កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្លួនបានលើកឡើងថា ខ្លួននឹងឆ្លើយតបទៅនឹងប្រទេស​ ដែលបានណែនាំការរឹតបន្តឹង ការចូលនៃមេរោគឆ្លងមេរោគដ៏តឹងរ៉ឹង លើភ្ញៀវទេសចរមកពីប្រទេសចិន។

រដ្ឋបាលអន្តោប្រវេសន៍ជាតិ នៃប្រទេសចិន​ ក៏បានប្រកាសកាលពីថ្ងៃពុធផងដែរ អំពីការផ្អាកការលើកលែងទិដ្ឋាការឆ្លងកាត់​ សម្រាប់ពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូង​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កាលពីចុងឆ្នាំមុន ប្រទេសជប៉ុន បានរឹតបន្តឹងការគ្រប់គ្រងព្រំដែន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិនដីគោក ជាវិធានការបណ្តោះអាសន្ន ដោយតម្រូវឱ្យពួកគេធ្វើតេស្តរកជំងឺកូវីដ-១៩ នៅពេលមកដល់ ចំពេលមានការកើនឡើង នៃករណី និងការភ័យខ្លាចថាវីរុសកូរ៉ូណាប្រភេទថ្មី អាចលេចឡើងនៅទីនោះ។

នៅពេលដែលទីក្រុងប៉េកាំង​ បានបើកព្រំដែនប្រទេសឡើងវិញ និងបានបោះបង់ចោលវិធានការ ដាក់ឱ្យនៅដាច់ពីគេកាលពីថ្ងៃអាទិត្យ ទីក្រុងតូក្យូ​ បានពង្រឹងការគ្រប់គ្រងព្រំដែន របស់ប្រទេសជប៉ុនបន្ថែមទៀត​ សម្រាប់អ្នកធ្វើដំណើរ ដែលមានដើមកំណើត នៅក្នុងប្រទេសចិន ដោយទាមទារភស្តុតាង នៃការធ្វើតេស្តរកជំងឺកូវីដ-១៩​ អវិជ្ជមានមុនពេលចេញដំណើរ៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top