ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ធ្វើការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ ពីការរួមចំណែករបស់ចិន

ថ្ងៃទី១៩ ខែមករា ប្រទេសចិនបានអនុវត្តវិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B”ចំពោះវីរុសកូវីដ១៩ រយៈពេល ១១ថ្ងៃរួចហើយ ។ គណៈកម្មាធិការជាតិសុខាភិបាលចិន បានឧទ្ទេសនាមថា នៅខេត្តនានានៃប្រទេសចិន កម្រិតខ្ពស់បំផុតនៃចំនួនករណី ឈឺធ្ងន់នៅផ្នែកមើលជំងឺ និងបន្ទប់សង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យបានឆ្លងផុតរលកខ្ពស់រួចហើយ ។ ប្រការនេះធ្វើឱ្យប្រជាជនចិន អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនដោយស្ងប់ចិត្ត ។ នេះគឺអាស្រ័យលើប្រទេសចិន បានបង្ការជំងឺកូវីដ១៩ តាមបែបវិទ្យាសាស្ត្រនិងចំគោលដៅផង ហើយក៏ជាសក្សីនៃសមិទ្ធផល ដ៏លេចធ្លោរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងរយៈពេលបីឆ្នាំមក រដ្ឋាភិបាលចិនបាន ខិតខំប្រឹងប្រែងដោយពេញទំហឹង ដើម្បីគាំពារសុវត្តិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនចិនគ្រប់រូប ។ ក្នុងនាមជាប្រទេសធំដែល មានប្រជាជនចំនួន ១ពាន់៤រយលាននាក់ ប្រការនេះក៏ជាការរួមចំណែក យ៉ាងសកម្មដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល ។

ក្នុងរយៈពេលបីឆ្នាំមក ប្រទេសចិនបានចែករំលែក ព័ត៌មានអំពីជំងឺកូវីដ១៩ ជាមួយសហគមន៍អន្តរជាតិ ប្រកបដោយភាពបើកចំហ និងមានតម្លាភាព ហើយបានផ្តល់ទីសំអាងវិទ្យាសាស្ត្រ ដល់ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាសិក្សាស្រាវជ្រាវ វ៉ាក់សាំងនិងថ្នាំធ្វើតេស្ត ។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួនលើសពី ២ពាន់២រយលានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់ នឹងជំងឺកូវីដ១៩ ចំនួនរាប់សែនលានគ្រឿង ដល់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ក៏ដូចជាបានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៣៨ក្រុម ទៅកាន់ប្រទេសចំនួន៣៤ ទៀតផង ។ នេះជាសកម្មភាពជាក់ស្តែង របស់ប្រទេសចិនដើម្បីជំរុញ កិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល និងជំរុញការបង្កើតសហគមន៍រួម សុខភាពរបស់មនុស្សជាតិ ។

បើមើលពីវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានដើរតាមផ្លូវ ដែលអាចបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ហើយបានក្លាយជា “ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល ។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិ សម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិន មានសង្ឃឹមកើនឡើងជាទូទៅ ។ ធនាគារវិនិយោគ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើន បាននាំគ្នាដំឡើងការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើន សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ។

ក្នុងរយៈពេលបីឆ្នាំមក ប្រឈមនឹងការវាយប្រហារពីជំងឺកូវីដ១៩ និងការងើបឡើងវិញនូវឯកតោភាគីនិយម និងការពារនិយាម ប្រទេសចិនបានពង្រីកការ បើកទូលាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។

ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ ពីការរួមចំណែករបស់ចិន ។ មិនថាអ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានលោកខាងលិច មួយចំនួនវាយប្រហារនិងមួលបង្កាច់ ប្រទេសចិនយ៉ាងណាក៏ដោយ ក៏មិនអាចបំបិទការពិតជាក់ស្តែងនោះទេ ។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែ ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពី ស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុង ស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ ដោយសាមគ្គីគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិន ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

To Top