ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ ទាត់ចោល ការព្រួយបារម្ភរបស់ទូត នានាចំពោះការបិទវិទ្យុVOD

ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានច្រានចោលទាំងស្រុងចំពោះ ការព្រួយបារម្ភនានារបស់ ស្ថានទូតបរទេសប្រចាំកម្ពុជា ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ។

បន្ទាប់ពីក្រសួងព័ត៌មានប្រកាសបិទវិទ្យុ VOD ហើយសមត្ថកិច្ចបានយកសេចក្តីសម្រេចរបស់ក្រសួងទៅដល់ស្នាក់ការ VOD នាថ្ងៃ១៣ កុម្ភៈ នោះ ឃើញមានស្ថានទូតបរទេសដូចជា ទូតអូស្ត្រាលី និងទូតអាមេរិកជាដើម បានចេញសេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុ VODនេះ ។ ក្នុងនោះស្ថានទូតទាំង២លើកឡើងក្នុងន័យស្រដៀងគ្នាថា សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យដើរតួនាទីសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឲ្យសាធារណជន និងអ្នកសម្រេចចិត្តឲ្យដឹងការពិត ហើយធ្វើឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ ។

តាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ១៣ កុម្ភៈ របស់ក្រសួង លោក អាន សុខខឿនបានតបនឹងស្ថានទូតមួយចំនួន ដែលបានចេញសំណេរបារម្ភចំពោះការបិទវិទ្យុវិអូឌី ថា «ការអះអាងថាជាសារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ» ព្រោះឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញ ពីភារៈកិច្ចទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺសារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។

អ្នកនាំពាក្យក្រសួងការបរទេសបន្តថា “មានការខកចិត្តយ៉ាងខ្លាំង និងសូមច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានា ធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស” ។

លោកថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឲ្យបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឲ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈ សារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធ មិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន៕

To Top