កាលពីថ្ងៃទី ២១ ខែកុម្ភៈ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ “ឯកសារស្តីពីគំនិតផ្តួចផ្តើម សន្តិសុខសកល” ដែលពន្យល់អំពីគោលគំនិត និងគោលការណ៍ស្នូល នៃគំនិតផ្តួចផ្តើមសន្តិសុខសកល ព្រមទាំងបានបញ្ជាក់ពីទិសដៅ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗ និងយន្តការពាក់ព័ន្ធ។ ថ្លែងក្នុងវេទិកា Lanting ក្រោមប្រធានបទ “គំនិតផ្តួចផ្តើមសន្តិសុខសកល ៖ ដំណោះស្រាយរបស់ចិន សម្រាប់បំបែកភាពជាប់គាំង នៃសន្តិសុខ”ដែលបានធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថា ឯកសារនេះ បានបង្ហាញពីទំនួលខុសត្រូវ របស់ចិនក្នុងការគាំពារ សន្តិភាពពិភពលោក និងការប្តេជ្ញាចិត្តក្នុងការការពារសន្តិសុខសកល ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបឱ្យដឹងថា ប្រទេសចិននឹងរៀបចំធ្វើ សកម្មភាពជាន់ខ្ពស់ ស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល ក្នុងពេលសមរម្យ ដើម្បីពិគ្រោះពិភាក្សា អំពីបញ្ហាសន្តិសុខ ជាមួយភាគីនានា ។
លោកQin Gang បានលើកឡើងថា ឯកសារនេះបានរៀបរាប់ នូវទិសដៅសំខាន់ៗចំនួន ២០ សម្រាប់កិច្ចសហប្រតិបត្តិការ ស្តីពីគំនិតផ្តួចផ្តើមសន្តិសុខ សកល ពោលគឺ ៖ គាំទ្រយ៉ាងមុតមាំនូវតួនាទីស្នូលរបស់អង្គការ សហប្រជាជាតិ ក្នុងអភិបាលកិច្ចសន្តិសុខ ។ ខិតខំប្រឹងប្រែង ដើម្បីជំរុញការសម្របសម្រួល និងអន្តរកម្មវិជ្ជមានរវាងប្រទេសធំ ផ្តួចផ្តើមឱ្យប្រទេសធំនាំមុខគេ ក្នុងការអនុវត្តសមភាព រួមសហការ និងនីតិរដ្ឋ និងប្រឆាំងនឹងអនុត្តរភាព ។ ជំរុញយ៉ាងសកម្មនូវការសន្ទនា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដោយសន្តិវិធី ។ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ បន្តពង្រឹងប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកល និងការកសាងសមត្ថភាព ។
លោកQin Gang បានថ្លែងទៀតថា សន្តិសុខគឺជាសិទ្ធិរបស់ប្រទេសទាំងអស់ លើពិភពលោក ដែលមិនត្រូវសន្មត ដោយប្រទេសណាមួយនោះទេ៕