នយោបាយ

សម្តេចតេជោ៖ សូមបណ្តាគណបក្ស កុំវាយប្រហារអ្នកគាំទ្រខ្លួន មកចូលបក្សប្រជាជនកម្ពុជា ប្រយ័ត្នគេប្រតិកម្មវិញ

ភ្នំពេញ៖ បន្ទាប់ពីមានការវាយប្រហារ ចំពោះក្រុមយុវជនដែលមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សបានអំពាវនាវ ដល់បណ្តាគណបក្សនយោបាយ កុំធ្វើការវាយប្រហារ ចំពោះអតីតសកម្មជនប្រឆាំងដែលចូលរួម នយោបាយជាមួយគណបក្សប្រជាជន ជៀសវាងពួកគាត់វាយប្រហារ ឬធ្វើបាតុកម្មបកវិញ ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមយុវជនបរិស្ថានមួយចំនួនដែលធ្លាប់ គាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង បានមកសុំជ្រកកោនក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយទទួលក្របខណ្ឌក្នុងស្ថាប័នរដ្ឋ។ ក្នុងនោះក៏មានបុគ្គលជាយុវជន ដែលលេចធ្លោជាងគេ ២នាក់ ត្រូវបានគេស្គាល់ថា ជាបងប្អូនភ្លោះ ជុំហួត-ជុំហួរ។ បងប្អូនទាំង២ ក៏បានតួនាទីជាទីប្រឹក្សាក្រសួងប្រៃសណីយ និងទូរគមនាគមន៍ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២៣ សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បណ្តា គណបក្សនយោបាយនៅកម្ពុជា សូមគោរពដល់សិទ្ធិរបស់ពលរដ្ឋ ដោយក្នុងមួយរយៈកាលនេះសមាគម របស់យុវជនដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្លាប់គាំទ្របក្សប្រឆាំងធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលលើបញ្ហានេះ បញ្ហានោះ បាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាព» ។

សម្តេចតេជោលើកឡើងថា បន្ទាប់ពីក្រុមយុវជនទាំងនោះ ចូលរួមជាមួយជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ពួកគេត្រូវរងការប្រមាថ ពីគណបក្សនយោបាយ ឬបុគ្គលមួយចំនួន ។

សម្តេចតេជោបន្តថា «ខ្ញុំសូមបញ្ជាក់សម្រាប់អស់លោកថា អស់លោកអ្នកមិនបានគោរព ដល់សេរីភាពខាងនយោបាយ របស់យុវជនទាំងនេះទេ។ ពួកគេបានដឹងច្បាស់ថា គេគាំទ្របក្សប្រឆាំងអត់បាន ការក្នុងរយៈពេលកន្លងទៅ ។ ចំណុចនេះ ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ សម្រាប់ក្រុមយុវជននេះនៅពេលគេទៅជួបខ្ញុំ»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ក្នុងជំនួបជាមួយក្រុមយុវជនមានខ្លះថា រូបគេបានទៅដល់អាមេរិក ហើយត្រូវបានទទួលបណ្តុះបណ្តាល អំពីបដិវត្តន៍ពណ៌នៅអាមេរិក ប៉ុន្តែគេមើលឃើញស្ថានភាព មិនអាចទៅជាមួយគេបានទេ អីចឹងមានតែវិធីតែមួយគត់ គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលដោយ បង្កើតជាអង្គការការពារបរិស្ថាន ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា អ្វីដែលក្រុមយុវជនមកចូលរួម ជាមួយរាជរដ្ឋាភិបាលត្រូវបាន ប្រមាថដោយអ្នកនយោបាយខ្លះ ឬគណបក្សនយោបាយខ្លះថា ពួកគេលក់ឧត្តមគតិ ។

សម្តេចបញ្ជាក់ថា «អីចឹងចំណុចនេះ ខ្ញុំគ្រាន់តែផ្តាំប្រាប់ថា អ្នកជាមនុស្សដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែមិនបានគោរព ប្រជាធិបតេយ្យពិតប្រាកដទេ។ ទាល់តែមនុស្សគាំទ្រខ្លួន ទើបអ្នកចាត់ទុកថាមនុស្សល្អ ប៉ុន្តែបើគេមកគាំទ្ររាជរដ្ឋាភិបាលគឺថា សុទ្ធតែមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរទៅទៀតគឺប្រមាថថា អ្នកទាំងនេះគឺជាកញ្ជះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេស និងឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរ។ អីចឹងសូមអំពាវនាវ ឲ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងការសម្រេចចិត្តរបស់ ប្រជាពលរដ្ឋទើបមិនមានបញ្ហា»។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បញ្ជាក់ទៅដល់ក្រុមប្រឆាំង ឬគណបក្សនយោបាយដែលប្រមាថ ដល់យុវជនទាំងនោះ ប្រយ័ត្នពួកគេធ្វើបាតុកម្មតបតទៅវិញ។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រយ័ត្នគេធ្វើបាតុកម្ម ត្រឡប់ប្រឆាំងទៅវិញ ឥឡូវនេះគេគ្រាន់តែចេញសេចក្តីថ្លែងការណ៍វាយបកទេ គេមិនទាន់ធ្វើសកម្មភាពអ្វីទេ។ តែខ្ញុំសូមអង្វរកដល់ក្មួយៗ កូនៗទាំងឡាយដែលបានចេញពីគាំទ្របក្សប្រឆាំង ហើយប្រឆាំងរាជរដ្ឋាភិបាល ហើយមកធ្វើការជាមួយរាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយ បែបហិង្សាចំពោះគេ។ យើងគ្រាន់តែចេញសេចក្តីថ្លែងការណ៍ ពន្យល់ដល់គេប៉ុណ្ណឹងបានហើយ» ។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការសោយចំពោះ អ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនស្គាល់អ្វីទៅជាប្រជាធិបតេយ្យ ។ គណបក្សប្រជាជនមិនដែលរារាំង សមាជិកខ្លួនទៅនៅជាមួយបក្សដទៃទេ។

សម្តេចថា “អ្នកដែលទៅបក្សដ៏ទៃ គឺយើងតែងតែគោរពនូវសិទ្ធជ្រើសរើសរបស់គេ ខ្វះអីដែលកន្លងមកមានបីនាក់ ដែលចេញពីគណបក្សប្រជាជន មានលោកគង់ គាំ , លោក លី ថាច ទៅមួយរយៈក៏សុំចូលមកវិញជាដើម ។ អ្នកដែលចេញពីគណបក្សប្រជាជន មិនមានអនាគតល្អទេ និយាយការពិត បានត្រឹមតែម៉ាប្រឆាំងប៉ុណ្ណោះ។ ចំពោះអ្នកដែលទៅហើយត្រឡប់មកវិញ យើងទទួលដែលពីមុនទៅគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាបក្សប្រជែងគ្នា តែពេលមកគណបក្សប្រជាជនទទួលវិញ» ៕

To Top