នយោបាយ

លោក សុខ ឥសាន ៖ ការដកកម្ពុជាពីប្រទេស លាងលុយកខ្វក់ ប្រៀបបាននឹង ផាត់ពពកខ្មៅចេញ

ភ្នំពេញ ៖ ក្រុមឃ្លាំមើលឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុអន្តរជាតិ ក្រុមការងារសកម្មភាព ហិរញ្ញវត្ថុ (FATF) កាលពីថ្ងៃ២៤ កុម្ភៈ បានដកកម្ពុជាចេញពីប្រទេស ដែលហៅថា “បញ្ជីប្រផេះ” នៃការលាងលុយកខ្វក់ ។ ការលុបកម្ពុជាចេញពីបញ្ជីប្រផេះ នៃការលាងលុយកខ្វក់នេះ ត្រូវបានលោក សុខ ឥសានអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លើកឡើងថា ប្រៀបបាននឹងការ ផាត់ពពកខ្មៅចេញ ដើម្បីបើកផ្លូវទទួលអ្នកវិនិយោគ បរទេសចូលមករកស៊ីនៅកម្ពុជា ។

ជាមួយសាររបស់លោក សុខ ឥសាន បង្ហាញក្នុងប្រព័ន្ធតេឡេក្រាម នាថ្ងៃ២ មីនា និយាយពីកម្ពុជាលុបចេញពីបញ្ជីប្រផេះនេះ លោកក៏បានលើកពីលោក គឹម សុខអ្នកវិភាគ នយោបាយនៅក្រៅប្រទេសផងដែរ ដែលអ្នកវិភាគរូបនេះ បាននិយាយថា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ត្រូវរ៉ូវគ្នា ឲ្យមានការដកកម្ពុជា ចេញពីបញ្ជីប្រផេះ នៃប្រទេសលាងលុយកខ្វក់ ។ ចំណុចនេះ លោក សុខ ឥសាន ថាឲ្យលោក គឹម សុខថា អស់ពីចោទខាងរាជរដ្ឋាភិបាលកម្ពុជា បែរជាអ្នកវិភាគរត់ចោលស្រុកចោទ ក្រុមប្រទេសទាំងនោះទៅវិញ។

បើតាមលោក សុខ ឥសាន ការចោទសហរដ្ឋអាមេរិក បារាំង និង អាល្លឺម៉ង់ពីសំណាក់លោក គឹម សុខនេះ មានន័យថា គឹម សុខដុតជម្រកខ្លួនឯងចោលហើយ ព្រោះបច្ចុប្បន្នខ្លួនកំពុង រស់នៅអាល្លឺម៉ង់ ។

អ្នកនាំពាក្យបក្សកាន់អំណាចឌឺឲ្យលោក គឹម សុខទៀតថា ការនិយាយចោទគេក្នុងអារម្មណ៍ស្មានៗនឹកថាមានគេជឿ ប៉ុន្តែគ្មាននរណាជឿទៀតទេ ។

សូមបញ្ជាក់ថា FATF បាននិយាយថា កាលពីថ្ងៃ២៤ កុម្ភៈ ខ្លួនបានដកប្រទេសម៉ារ៉ុក និងកម្ពុជាចេញពីប្រទេស ដែលហៅថា “បញ្ជីប្រផេះ” នៃបណ្តាប្រទេស ដែលស្ថិតក្រោមការត្រួតពិនិត្យ ពិសេសដើម្បីអនុវត្តស្តង់ដារ ដើម្បីការពារការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដូច្នេះម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ ។

FATF គឺជាអង្គការអន្តររដ្ឋាភិបាលដែលគាំទ្រ ការប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់ស្តង់ដារពិភពលោក និងពិនិត្យមើលថាតើប្រទេសនានាគោរពដែរឬទេ? ៕

To Top