សារជាសម្លេង៖
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើ ឲ្យលោកស្រី ទ្រី ដាណា ធ្វើកិច្ចសហការ និងកែតម្រូវជាមួយក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ត្រឹមត្រូវ បើសិនជាចង់រៀបចំការបង្ហាញវប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន្ត នាខេត្តសៀមរាប ។
តាមរយៈការស្នើសុំនេះ ធ្វើឡើងតាមរយៈសារនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោយលោក ស្រីទ្រីដាណា បានប្រតិកម្មខ្លាំងៗ បន្ទាប់ក្រសួងវប្បធម៌ បានស្នើឲ្យលោកស្រីជំនួញរូប នេះ កែម្រួលលើសម្លៀកបំពាក់ និងតួអង្គបានត្រឹមត្រូវ មុននឹងដាក់តាំងបង្ហាញនាថ្ងៃចូលឆ្នាំ។
តាមសារជាសំឡេងជាង១០នាទីសម្តេចតេជោបានមានប្រសាសន៍ថា ការស្រឡាញ់វប្បធម៌ គឺជារឿងល្អ ប៉ុន្តែ បើការរៀបចំនោះ ខុសឆ្គង និងមិនត្រឹមត្រូវ ស្មើនឹងបំផ្លាញវប្បធម៌របស់ខ្មែរទៅវិញទេ ។ សម្តេចថា ម៉្យាងទៀត នឹងធ្វើឲ្យប្រទេសជិនខាងដែលមានវប្បធម៌ស្រដៀងនឹងកម្ពុជា គេថាលួចចម្លងរបស់គេ ។
បើតាមសម្តេចតេជោ លោកស្រី ទ្រី ដាណា នៅតែអាចរៀបចំ ការបង្ហាញវប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន្ត ប៉ុន្តែ ត្រូវមានកិច្ចសហការជាមួយក្រសួងវប្បធម៌ ។ ជាមួយគ្នានេះ សម្តេ ចក៏បានប្រគល់ភារកិច្ច នេះ ជូនលោកស្រីភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ បញ្ជូនអ្នកជំនាញរបស់ក្រសួងទៅជួយរៀបចំ ដើម្បីការតាំងបង្ហាញនេះ មានភាពត្រឹមត្រូវ និងតាមក្បួនខ្នាតរបស់ខ្មែរ។
សម្តេចតេជោបន្តថា “លោកស្រីត្រូវតែកែតម្រូវតាមការកំណត់របស់ក្រសួង”។ សម្តេចថា បើមិនធ្វើតាមទេ នឹងមិនអនុញ្ញាតឲ្យលោក ព្រោះបើធ្វើហើយមិនត្រូវនាំខូចវប្បធម៌ខ្មែរ ។
សម្តេចឲ្យដឹងទៀតថា លោកស្រីមិនគួរខឹងក្រសួងឡើយក្នុងការឲ្យកែតម្រូវនេះ ហើយសង្ឃឹមថា លោកស្រីនឹងយល់នូវអ្វីសម្តេចលើកឡើង។
បើតាមមន្រ្តីក្រសួងវប្បធម៌ ក្រសួងស្នើលោកស្រី ទ្រី ដាណា កែសម្រួលលើសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវតាមរចនាបទខ្មែរ ហើយតួអង្គដែលលោកស្រីឲ្យស្លៀកពាក់ទៀតសោត ក៏ជាតួអង្គមេទ័ព ប៉ុន្តែលោក ស្រីថាជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ ដែលក្រសួងបញ្ជាក់ថាមិនត្រឹមត្រូវនោះទេ ។
លោកស្រីទ្រី ដាណា មានគម្រោងផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយជាង១០ម៉ឺនដុល្លារ គ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ៕