ភ្នំពេញ ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានណែនាំគណៈកម្មការ រៀបចំការប្រឡង នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មី ដោយត្រូវផ្តល់អាទិភាព ដល់បេក្ខជនមានពិការភាព មានទីលំនៅក្នុងភូមិសាស្ត្រ ថ្នាក់ក្រោមជាតិ។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំ ស្តីពីការរៀបចំដំណើរការប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ផែនការក្របខ័ណ្ឌ ឆ្នាំ២០២៣ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ប្រាក់ សំអឿន បានថ្លែងថា គណៈកម្មការរៀបចំការ ប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាចស្នើសុំកិច្ចសហការគាំទ្រ ពីក្រសួងមហាផ្ទៃ លើការងារ រៀបចំកិច្ចដំណើរ ការប្រឡងទាំងមូលរបស់ខ្លួន ឬលើដំណាក់ កាលណាមួយ ដែលខ្លួនពុំទាន់មានបទពិសោធន៍ ក្នុងការរៀបចំនៅឡើយ ដោយត្រូវធ្វើលិខិតស្នើសុំកិច្ចសហការ គាំទ្រជាលាយលក្ខណ៍អក្សរ ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យរៀបចំ ។
លោកក៏បានលើកឡើងថា «គណៈកម្មការរៀបចំការប្រឡង នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ពីក្នុងចំណោម សិស្ស-និស្សិត ព្រមទាំង ត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ បេក្ខជនដែលមានពិការភាព បេក្ខជនជាស្ត្រី និងបេក្ខជន ដែលមានទីលំនៅក្នុង ភូមិសាស្ត្រថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការប្រឡង»។
ទន្ទឹមនេះ លោកអគ្គនាយក ក៏បានលើកឡើងទៀតថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡង ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព យុត្តិធម៌ សមធម៌ គុណសម្បត្តិសាកសម ជំនឿទុកចិត្ត និង អនុលោមបទប្បញ្ញត្តិជាធរមាន និងត្រូវមានផែនការ សកម្មភាពការងារច្បាស់លាស់ ដើម្បីធានាថា អាចបញ្ចប់ដំណើរការប្រឡង និងអាចប្រកាសលទ្ធផល ប្រឡងជាប់ជាស្ថាពរ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ តាមគោលការណ៍កំណត់ របស់ក្រសួងមុខងារសាធារណៈ។
ឆ្លៀតឱកាសនោះដែរ លោក អ៊ួង ចន្នី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្របខ័ណ្ឌថ្មីនេះមានចំនួន ២៦០កន្លែង រួមមាន ៖ មន្ដ្រីពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី៤) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់អង្គភាពនានា នៅទីស្ដីការក្រសួងមហាផ្ទៃ) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ដែលមានតម្រូវការមន្ដ្រី) ចំនួន ១២៩នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់ក្រុង-ស្រុក ទើបបង្កើតថ្មីទាំង៥) ចំនួន ៥១នាក់។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមលក់ពាក្យប្រឡង និងទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ហើយកាលបរិច្ឆេទនៃការប្រឡង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕