ព័ត៌មានអន្តរជាតិ

Update៖ ថ្ងៃនេះ ជាថ្ងៃទី២ហើយដែលចិន បញ្ជូននាវាចម្បាំង និងយន្តហោះទៅជិតដែនកោះតៃវ៉ាន់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ក្រុងតៃប៉ិ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូននាវាចម្បាំង និងយន្តហោះទៅជិតកោះតៃវ៉ាន់សម្រាប់ថ្ងៃទី២ នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen បានធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារដែលបានជួបជាមួយប្រធានសភាសហរដ្ឋអាមេរិក Kevin McCarthy កាលពីដើមសប្តាហ៍នេះ ។
ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំងចិនចំនួន៣គ្រឿងបានធ្វើដំណើរក្នុងដែនទឹកជុំវិញកោះនេះ ខណៈដែលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះដែរ ។

កាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះ Shandong របស់ចិន ដែលជានាវាមួយក្នុងចំណោម២គ្រឿងនៅក្នុងកងនាវាចររបស់ខ្លួន បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ តាមផ្លូវឆ្ពោះទៅកាន់ប៉ាស៊ីហ្វិកខាងលិច នៅប៉ុន្មានម៉ោងមុនពេលលោកស្រី Tsai បានជួប McCarthy នៅក្រុងឡូសអ៊ែនជីឡេស ។

ក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងកិច្ចប្រជុំនេះ ហើយបានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ។

លោកស្រី Tsai បានប្រាប់ដល់អ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោកស្រីបានប្តេជ្ញាចិត្តក្នុងការធានា “របៀបរស់នៅដោយសេរី និងប្រជាធិបតេយ្យរបស់ប្រជាជនកោះតៃវ៉ាន់” នៅមុនពេលដែលលោកស្រីបានចាកចេញពីទីក្រុង ឡូសអ៊ែនជីឡេស ជាកន្លែងដែលលោកស្រីមានការឈប់សម្រាកនៅតាមផ្លូវត្រឡប់មកពីអាមេរិកឡាទីននោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top