ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ចេញមុខពន្យល់ អំពីគោលបំណង សមយុទ្ធយោធារបស់ខ្លួន នៅជិតកោះតៃវ៉ាន់

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានពន្យល់ថា សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន មិនគួរត្រូវបានចាត់ទុកថាជា “ការសងសឹក” សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិកនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wang ត្រូវបានសួរក្នុងអំឡុងសន្និសីទសង្ខេបប្រចាំថ្ងៃនៅថ្ងៃចន្ទ អំពីសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ និងទំនាក់ទំនងដែលអាចកើតមានរបស់ពួកគេជាមួយនឹងការធ្វើដំណើររបស់លោកស្រី Tsai ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបរទេសដែលថា សមយុទ្ធនេះបានបង្កការគំរាមកំហែងដល់កោះចិនដែលគ្រប់គ្រងដោយខ្លួនឯងនោះ អ្នកនាំពាក្យលោក Wang បានចាត់ទុកការអះអាងនេះថា “មិនសមហេតុផល”។ លោក​បាន​អះអាង​ថា គ្រោះថ្នាក់​ពិត​ប្រាកដ​ចំពោះ​សន្តិភាព​ក្នុង​តំបន់​កើត​ចេញ​ពី “សកម្មភាព​បំបែក​ខ្លួន” របស់​ប្រជាជន​ដែល​គាំទ្រ​ឯករាជ្យភាព​របស់​កោះតៃវ៉ាន់​ពី​ទីក្រុង​ប៉េកាំង។

លោក Wang បាន​ចង្អុល​បង្ហាញ​ថា ការ​បំបែក​ខ្លួន​របស់​កោះតៃវ៉ាន់ ​គឺ​ប្រឆាំង​នឹង​គោលនយោបាយ​ចិន​តែ​មួយ​ដែល​ត្រូវ​បាន​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដោយ​សហគមន៍​អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា បុព្វហេតុនៃឯករាជ្យភាពរបស់កោះតៃវ៉ាន់គឺមិនស៊ីគ្នានឹងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដូច្នេះត្រូវតែប្រឆាំងដាច់ខាត។

អ្នកនាំពាក្យរូបនេះបានបង្វែរអ្នកសារព័ត៌មានទៅធ្វើការកត់សម្គាល់ អំពីសមយុទ្ធដែលចេញផ្សាយដោយក្រសួងការពារជាតិ។ ទីបញ្ជាការ Eastern Theater នៃកងទ័ពរំដោះប្រជាជនបានពណ៌នាសមយុទ្ធនេះថា ជាការប្រឆាំងនឹង “អំពើឃុបឃិត និងបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’ ។

សមយុទ្ធនេះត្រូវបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីលោកស្រី Tsai ត្រឡប់មកពីសហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រីបានជួបជាមួយប្រធានសភាលោក Kevin McCarthy និងសមាជិកសភាដទៃទៀត៕ប្រែសម្រួលៈ ណៃ តុលា

To Top