SEA GAME

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញា​​​គាំទ្រ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​ជា​​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា

ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣៖ ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជា​អ្នក​ឧបត្ថម្ភ​ភេសជ្ជៈមានជាតិហ្គាស​ផ្លូវការសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមលើកទី​៣២ និងកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២ នៅ​ព្រះរាជាណាចក្រកម្ពុជា។

តាម​រយៈ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​មួយ​គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម​កម្ពុជា (CAMSOC) និង​ក្រុមហ៊ុន SPORTSMAZING CO.,LTD នៅ​ថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹង​ប្តេជ្ញា​​ចូលរួម​ឧបត្ថម្ភពិសេស​ដល់​​ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំ​តំបន់នេះ ដែលនឹង​​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ព្រះរាជាណាចក្រកម្ពុជាជា​លើកដំបូងមិនធ្លាប់មាន។

ពិធី​ចុះហត្ថលេខានេះមានការ​​ចូលរួមពីសំណាក់​ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC) លោក Steven Path នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន Sportsmazing និងលោក Joseph Ho ​អគ្គនាយក​​​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាគីទាំងអស់បានឯកភាពគ្នាថា ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នឹង​ជាឱកាសដ៏ល្អបំផុត​ដើម្បីលើកកម្ពស់​មោទនភាព​ជាតិ និងបង្ហាញពីការ​អភិវឌ្ឍ​ដ៏គួរ​អោយ​កត់សម្គាល់​របស់​កម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។

លោក Joseph Ho អគ្គនាយក​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍​ថា៖ «នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវសមិទ្ធិផលដែលនាំមកនូវកិត្តិយសមុខមាត់លំដាប់ថ្នាក់តំបន់ លើវិស័យកីឡា បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័នកីឡា និងវឌ្ឍនៈភាពសង្គម ហើយយើងពិតជារំភើបណាស់ដែលកម្ពុជា ក្លាយជាម្ចាស់ផ្ទះ​ផ្លូវការសម្រាប់កីឡា​ស៊ីហ្គេមលើកទី៣២ នេះ»។  លោកបានបន្តថា៖ «នៅក្រុមហ៊ុន កូកា-កូឡា កម្ពុជា យើង​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនេះ ក្នុងនាមជាដៃគូ អ្នកឧបត្ថម្ភ និង​អ្នក​ជឿជាក់លើកម្ពុជា។ យើង​​ជឿ​លើ​ភាពអស្ចារ្យ​​របស់​កម្ពុជា»។ 

កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ​៥ ដល់​ថ្ងៃ​ទី ​១៧ ខែ​ឧសភា ឯកីឡា​អាស៊ានប៉ារ៉ាហ្គេមលើកទី​១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៣ ខែមិថុនា រហូតដល់ថ្ងៃទី​៩ ខែមិថុនា។ ពាក្យ​ស្លោក​សម្រាប់​ព្រឹត្តិការណ៍កីឡា​នេះគឺ «កីឡា​រស់ក្នុង​សន្តិភាព»។ នៅក្នុង​ព្រឹត្តិការណ៍កីឡានេះ គេរំពឹង​ថា​នឹង​មានកីឡាករ​និងគ្រូ​បង្វឹក​ប្រមាណ ១ម៉ឺន​​នាក់មក​ចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍​ថា៖ «កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នេះពិតជា​ពិសេសណាស់​សម្រាប់យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា​ក្នុងនាមជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​មិនធ្លាប់មាន និង​សម្រាប់​បណ្តាប្រទេសចូលរួមផងដែរ។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន ​កូកា-កូឡា​ កម្ពុជា ប្តេជ្ញា​ផ្តល់ការ​គាំទ្រ​នេះ»។

លោក Steven Path នាយក​ប្រតិបត្តិក្រុមហ៊ុន Sportsmazing ដែល​បានធ្វើជា​ភ្នាក់ងារ​កណ្តាល​ក្នុង​​ការចុះ​កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ថ្លែង​ថា៖ «យើង​ពិតជាមាន​ក្តី​រីករាយ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីម៉ាកយីហោដ៏ល្បីនេះ។ យើង​​សូមថ្លែងអំណរ​គុណដល់ក្រុមហ៊ុន ​កូកា-កូឡា​ កម្ពុជា សម្រាប់​ការចូលរួមចំណែក​និង​ការគាំទ្ររបស់ពួកគេ»។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាក្នុងព្រះរាជាណាចក្រកម្ពុជា​ជាច្រើនឆ្នាំ​កន្លងមកហើយ។ ក្រៅពី​ការឧបត្ថម្ភដល់​ព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក៏បាន​ឧបត្ថម្ភយុទ្ធនាការ Beyond the Games ដើម្បី​ចូលរួមលើកស្ទួយដល់មោទនភាពជាតិ។

នៅឆ្នាំ​២០២២ ស្ថិត​ក្រោមយុទ្ធនាការ «​ភាពរីករាយដ៏ពិតប្រាកដ​» ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​នាំយកពានរង្វាន់បាល់ទាត់ FIFA World Cup មកកម្ពុជា​ជាលើកដំបូង​ដែល​ធ្វើឱ្យអ្នកគាំទ្របាល់ទាត់ក្នុងស្រុករីករាយចំពោះ​ការ​មក​ទស្សនា​ពានរង្វាន់ FIFA World Cup នេះ។

ក្រុមហ៊ុន កូកា-កូឡា ក៏ធ្លាប់បានគាំទ្រការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសផ្សេងៗផង​ដែរ​នាពេលកន្លងមក។ ឧទាហរណ៍ នៅឆ្នាំ​១៩៨៩ និង​ឆ្នាំ​២០០២ ក្រុមហ៊ុន កូកា-កូឡា គឺ​ជាអ្នក​ឧបត្ថម្ភផ្លូវការ​របស់កីឡា​ស៊ីហ្គេមនាឆ្នាំនោះ។ ក្រុមហ៊ុន​ក៏បាន​គាំទ្រ​​ដល់ការធ្វើជាម្ចាស់ផ្ទះសម្រាប់​កីឡា​ស៊ីហ្គេមឆ្នាំ​២០១១ នៅប្រទេស​ឥណ្ឌូនេស៊ី និងឆ្នាំ​២០១៩ នៅ​​ប្រទេសហ្វីលីពីន។

លើសពីនេះ ក្រុមហ៊ុន កូកា-កូឡា គឺជាដៃគូឧបត្ថម្ភ​យូរជាងគេ​បំផុតដល់​ព្រឹត្តិការណ៍​កីឡាអូឡាំពិកដោយបាន​ចូលរួម​​ឧបត្ថម្ភដល់​ព្រឹត្តិការណ៍កីឡា​ដ៏ល្បីមួយនេះ​ចាប់​តាំងពីឆ្នាំ​១៩២៨ មក។

លោក Joseph Ho អគ្គនាយក​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​​បន្ថែម​ថា៖ «ក្នុង​នាម​ជា​អ្នក​ចំណូល​ថ្មីដែល​បាន​​ផ្លាស់មករស់នៅប្រទេសកម្ពុជានៅ​​ដើម​ឆ្នាំ​នេះ ខ្ញុំ​មានអារម្មណ៍ថា [ប្រជាជនកម្ពុជា]​មានមោទនភាព និងឆន្ទៈចូលរួមខ្ពស់ ​នៅក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំ​សូម​អបអរ​សាទរ​ដល់​ប្រទេស​​កម្ពុជា និង​ជូនពរ​អ្នក​រៀបចំ កីឡាករ និង​អ្នកគាំទ្ររាប់​លាន​នាក់ ​​ឱ្យ​​ទទួលបាន​សេចក្តីសុខទាំងអស់គ្នា»។

លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ជឿ​​ថា​ យើង​​​អាចរួម​គ្នា​​​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍កីឡា​ទាំង​នេះ ​ក្លាយជា​ព្រឹត្តិការណ៍អស្ចារ្យមួយក្នុង​ប្រវត្តិសាស្ត្រកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ផ្ដល់ភាពស្រស់ស្រាយនិងថាមពលដល់អ្នកចូលរួមគ្រប់រូបនៅក្នុងព្រឹត្តិការណ៍នេះ»៕

To Top