SEA GAME

សម្ដេចតេជោ ណែនាំជាថ្មី ឲ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំស្លាយផ្សាយបន្ត ព្រឹត្តិការណ៍ស៊ីហ្គេម ច្រើនកន្លែង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំសារជាថ្មីដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយផ្សាយបន្ដផ្ទាល់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឲ្យបានច្រើនទីតាំង។

គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ មេសា សម្តេចតេជោបានថ្លែងថា «សុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានីខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ឲ្យបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ ៗទាំងអស់នោះ ជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិដែលមានមនុស្សច្រើនកុះករនោះ»។

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា បង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមហានិភ័យផ្សេងៗ។

នាឱកាសនោះ សម្តេចតេជោនៅតែបន្តអំពាវនាវចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់បន្តទៀត ព្រោះមានសន្តិភាព ទើបមានការអភិវឌ្ឍ។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។

លើសពីនេះ សម្តេចតេជោ ក៏អំពាវនាវឲ្យមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕

To Top