ព័ត៌មានជាតិ

ក្រុមហ៊ុន ៧ទៀត បោះទុនជាង ៦០លានដុល្លារ វិនិយោគបង្កើត រោងចក្រនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៧បន្ថែមទៀត សម្រេចបោះទុនជាង ៦០លានដុល្លារអាមេរិក ដើម្បីវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបង្កើតឱកាសការងារជាង ១ម៉ឺនកន្លែង ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៧ មេសានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង វិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥០កន្លែង។

២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.០៦៩កន្លែង។

៣- “HUA XING JIANG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៨៣កន្លែង។

៤- “ROUTE 88 MANUFACTURING COMPANY LIMITED” គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។

៥- “XINHENGLI (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៧៨កន្លែង ។

៦- “INTERNATIONAL AIR LIFE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទ ពីក្រណាត់កៅស៊ូ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង ។

៧- “JU HONG SHI YE YOU XIAN GONG SI CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿង បន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ CP៥-F៦ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៣កន្លែង ៕

To Top