ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានរថពាសដែក និងរថក្រោះសរុបជិត ១៨០០គ្រឿង ត្រៀមវាយដណ្ដើមទឹកដី ដែលរុស្ស៊ីបានកាន់កាប់

គៀវ៖ ប្រមុខសម្ព័ន្ធមិត្តយោធា បានឲ្យដឹងថា សម្ព័ន្ធមិត្តណាតូ និងបណ្តាប្រទេសដៃគូ បានផ្តល់ឲ្យអ៊ុយក្រែន នូវរថពាសដែកចំនួន ១៥៥០គ្រឿង និងរថក្រោះចំនួន ២៣០ដើម្បីបង្កើតជាអង្គភាព និងជួយខ្លួនដណ្តើមយកទឹកដី ពីកងកម្លាំងរុស្ស៊ី មកវិញ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានឲ្យដឹងថា ការដឹកជញ្ជូនមានច្រើនជាង ៩៨ ភាគរយនៃយានប្រយុទ្ធដែលបានសន្យាដល់អ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយ និងសង្រ្គាមរបស់រុស្ស៊ី ដោយផ្តល់ឱ្យទីក្រុងគៀវ នូវកណ្តាប់ដៃកាន់តែធំ ខណៈដែលខ្លួនគិតគូរពីការបើកការវាយលុក។

លោក Stoltenberg បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយថា “សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩ របស់អ៊ុយក្រែន។ នេះ​នឹង​ធ្វើ​ឲ្យ​អ៊ុយក្រែន ​ស្ថិត​ក្នុង​ជំហរ​រឹងមាំ ​ដើម្បី​បន្ត​ដណ្តើម​យក​ទឹកដី ​ដែល​បាន​កាន់កាប់​ឡើង​វិញ”។​

ទាហានជាង ៣០០០០ នាក់ត្រូវបានគេប៉ាន់ស្មានថា នឹងបង្កើតកងពលតូចថ្មី។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏បានបញ្ជូន “គ្រាប់រំសេវយ៉ាងច្រើន” ហើយប្រទេសដៃគូណាតូមួយចំនួន ដូចជាស៊ុយអែត និងអូស្ត្រាលី ក៏បានផ្តល់រថពាសដែកផងដែរ។

ប្រទេសសមាជិកណាតូ ក៏បានផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះ និងកាំភ្លើងធំផងដែរ ខណៈដែលប៉ូឡូញ និងសាធារណរដ្ឋឆេក បានផ្តល់យន្តហោះ MiG-29 ដែលផលិតដោយសូវៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

នៅក្នុងនោះដែរលោក Stoltenberg បានសង្កត់ធ្ងន់លើ “ការគាំទ្រផ្នែកយោធា ដែលមិនធ្លាប់មានពីមុនមកចំពោះអ៊ុយក្រែន” ប៉ុន្តែបានព្រមានថា “យើងមិនគួរមើលស្រាលរុស្ស៊ីនោះទេ” ។

លោកបានបន្ដថា ទីក្រុងមូស្គូ កំពុងកៀរគរកងកម្លាំងជើងគោកបន្ថែមទៀត ហើយមានឆន្ទៈក្នុងការបញ្ជូនទាហានរាប់ពាន់នាក់ ជាមួយនឹងអត្រាអ្នកស្លាប់ដ៏ខ្ពស់ខ្លាំងណាស់។

ប្រធានសម្ព័ន្ធភាពយោធារូបនេះបានបន្ដថា នៅចំពោះមុខអ្វីដែលហាក់ដូចជាជម្លោះអូសបន្លាយ ប្រទេសណាតូ “ត្រូវតែរក្សាផ្លូវ ហើយបន្តផ្តល់ឱ្យអ៊ុយក្រែននូវអ្វីដែលខ្លួនត្រូវការដើម្បីយកឈ្នះ”។

លោក Stoltenberg បានបន្ថែមថា កិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅខែកក្កដា នៅប្រទេសលីទុយអានី នឹងរៀបចំផែនការសម្រាប់ “កម្មវិធីគាំទ្រច្រើនឆ្នាំ” សម្រាប់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top