ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់សហគមន៍ពុទ្ធសាសនិក ពិភពលោក បន្តធ្វើការយ៉ាងជិត ស្និទ្ធជាមួយរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល (NGOs) ដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហិង្សា និង អំពើផ្សេងៗ ដែលបំផ្លាញមនុស្សជាតិ ។
ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្ដេច និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូន នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃ២ ឧសភា សម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍នូវគំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀតដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនា នៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ ព្រះសម្មាសម្ពុទ្ធដើម្បីឲ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬសកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំងនេះទៅក្នុងកម្មវិធីអប់រំ និងស្រាវជ្រាវ ។
សម្ដេចតេជោបន្ដថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោម ប្រទេសដែលកាន់ ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភពលោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅ រកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកប ដោយសន្តិសហវិជ្ជមាននៃមនុស្សជាតិ។
សម្ដេចគូសបញ្ជាក់ថា «ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, ខ្ញុំ សូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហិង្សា និងអំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ មិនត្រូវភ្លេចជាមួយ នឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនាដែលមានវត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន៕