SEA GAME

ស្រួង ភាវី ៖ ក្តីសុបិន្ត១០ឆ្នាំ របស់ខ្ញុំ យកមេដាយមាសជូនជាតិ ធ្វើបានហើយ

ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ជាស្រ្តីខ្មែរបានស្វាមីជាជនជាតិកូរ៉េ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយមាសជូនជាតិនៃការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសា ប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom)ក្រោយឈ្នះលើកីឡាការិនីវៀតណាម។ ដោយអ្នកនាងលើកឡើងថា ក្តីស្រម៉ៃ បានក្លាយជាការពិតហើយដែល បាននាំមេដាយមាសជូនជាតិមាតិភូមិខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។

ទោះបីជាជោគជ័យលើវិស័យកីឡាផ្នែកស្នូកឃ័រ និងប៊ីយ៉ា អ្នកនាងមិនភ្លេចឡើយចំពោះ ការផ្តល់កំលាំងពីស្វាមីដែលជាជនជាតិកូរ៉េខាងត្បូង ព្រោះអ្នកនាងឈានចូលមកកីឡានេះ ដែលបានល្បីឈ្មោះរន្ទឺនៅ ទូទាំងពិភពលោក ដោយសារមានការជំរុញពីស្វាមី ។ អ្នកនាងបន្តថា ស្វាមីខ្លួនបានអះអាងថា នឹងធ្វើឲ្យអ្នកនាងបានមេដាយមាស ជូនប្រជាពលរដ្ឋម្តង(ខ្មែរ) ដូច្នេះអ្វីដែលស្វាមីលើកឡើងបានសម្រេចបំណង ហើយ។ នេះជាបទសំភាសន៍របស់អ្នកនាង នាថ្ងៃ៨ ឧសភា ក្រោយឈ្នះវៀតណាម។

អ្នកនាងបន្តថា “ទោះបីជាខ្ញុំប្រកួតបានលើទឹកដីកូរ៉េ និងនៅលើពិភពលោកប៉ុណ្ណាក៏ដោយ អត់ស្មើ ដូចជាពេលនេះ ឱកាសនេះ វេលានេះ សម្រាប់ជូនប្រជាពលរដ្ឋខ្ញុំទេ ។ ដល់ចឹងក្តីសុបិន្តរយៈពេល១០ឆ្នាំ ខ្ញុំបានក្លាយជាការពិតហើយ ខ្ញុំផ្ទាល់សប្បាយមិនសំខាន់ តែខ្ញុំចង់ឲ្យប្រជាជនខ្ញុំ សប្បាយជាមួយវិស័យកីឡា។ ខ្ញុំមិននឹកស្មានថា វិស័យកីឡាខ្ញុំមានប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តច្រើនបែបនេះសោះ”។

នេះជាប្រវត្តិសាស្រ្តថ្មីដែលខ្លួនរៀបការ ជាមួយប្តីជាជនជាតិកូរ៉េ ហើយក្លាយខ្លួនជាស្រ្តី ដ៏ពូកែនៅលើទឹកដីកូរ៉េ ហើយរឹតតែអស្ចារ្យបានក្លាយខ្លួនជាវីរៈនារី នៅលើទឹកកម្ពុជាខ្លួនឯងទៀត ។ នេះជា សំដីពិតរបស់កីឡាការិនី ស្រួង ភាវី។
អ្នកនាងថា ដើម្បីតែវិស័យកីឡានេះ គឺស្វាមីអ្នកនាងមិនដែលឲ្យអ្នកនាង ទៅប៉ះពាល់ចង្ក្រាន្តបាយម្តង ណាឡើយ ។

សម្រាប់ការប្រកួតរាល់លើកអ្នកនាង បានគូសបញ្ជាក់ទៅដល់អ្នកគាំទ្រថា ឲ្យតែគ្រប់ការប្រកួតដល់វគ្គ ផា្តច់ព្រ័ត្ត គឺមិនដែលឡើយភាពងាយស្រួល តែងតែមានការលំបាកជាខ្លាំង ប៉ុន្តែភាពលំបាកនេះ ត្រូវបានអ្នកនាងអះអាងថា ពោរពេញទៅដោយអត្ថន័យមួយដ៏អស្ចារ្យចំពោះអ្នកទស្សនា និងអ្នកធ្វើខុសគ្នា ។ ភាពជោគជ័យមិនមែន បានមកដោយមិនចំណាយអ្វីនោះទេ ត្រូវតែឆ្លងកាត់ឧបសគ្គ។

កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឲ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំងពីកីឡាការិនីវៀតណាម ៕

To Top