ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មី សូមប្រទាននូវពរជ័យបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំឧត្ដុង្គឧត្ដមរុងរឿងសម្រាប់មាតុភូមិខ្មែរ៕

To Top