ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទបានបំពេញតួនាទីរបស់ខ្លួនជាកងកម្លាំងអព្យាក្រឹត្យ ។
ក្នុងឱកាសប្រារព្ធមិទ្ទិញដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ៩ វិច្ឆិកា ២៩៥៣ ដល់៩ វិច្ឆិកា ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅចម្បងដើម្បីបង្រួបបង្រួមជាតិបិទបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា នាំមកនូវសន្តិភាពពេញបរិបូរណ៌ជូនប្រទេសជាតិ។
លោកថា កងយោធពលខេមរភូមិន្ទ ក៏បានបំពេញភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ច ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។
លោក វង្ស ពិសេនបញ្ជាក់ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទបានអនុវត្តផែនការកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យរួមមាន ៖ កំណែទម្រង់រចនាសម្ព័ន្ធ ការពង្រឹងប្រៀបការពារជាតិ និងការពង្រឹងកម្លាំងប្រភេទទ័ព។
អគ្គមេបញ្ជាការសង្កត់ធ្ងន់ថា លើសពីនេះ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលបានសហការខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចសម្រេចស្នាដៃធំធេងមិនអាចកាត់ថ្លៃបានដែលជាប្រវត្តិសាស្រ្តចំពោះជាតិ និងប្រជាជនកម្ពុជានោះ គឺកងយោធពលខេមរភូមិន្ទ បាននិងកំពុងខិតខំពុះពារគ្រប់ការលំបាកស្មុគស្មាញ អំណត់ តស៊ូ ជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដូចជា ថៃ ឡាវ និងវៀតណាមឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស័ក្តិសមជាប្រទេសដែលមានអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងពេញលេញ ៕





