ហ្វីលីពីន៖ ដោយទទួលបានការអនុញ្ញាតពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម បានដឹកនាំគណៈប្រតិភូ ប.ស.ស. កម្ពុជា ទៅចូលរួមទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ នៅអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) នៃសាធារណរដ្ឋហ្វីលីពីន។
លោកបណ្ឌិតអគ្គនាយករង បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ប.ស.ស. កម្ពុជា ដើម្បីឈ្វេងយល់បន្ថែម អំពីប្រតិបត្តិការ និងឧត្តមានុវត្តន៍ នៃការអនុវត្តរបបធានារ៉ាប់រងសុខភាព របស់អង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (PhilHealth) ដោយផ្តោតសំខាន់លើការចុះបញ្ជិកា ការបង់ភាគទាន ការទូទាត់សំណង ការផ្តល់តាវកាលិកថែទាំសុខភាព នីតិវិធីនៃការចូលប្រើប្រាស់សេវា និងរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
លោកបណ្ឌិតអគ្គនាយករង បានបន្តលើកឡើងថា ប.ស.ស. កម្ពុជា ទទួលបាននូវបទពិសោធន៍ អំពីប្រព័ន្ធគាំពារសង្គម របស់សាធារណរដ្ឋហ្វីលីពីន ជាពិសេសរបបថែទាំសុខភាព ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ គោលនយោបាយ និងការកសាងលិខិតបទដ្ឋានគតិយុត្ត សំដៅដល់ការផ្តល់សេវាជូនដល់ សមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។
សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួម ពីបេឡាជាតិសន្តិសុខសង្គម អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល សរុបចំនួន ២៦រូប ក្រោមការឧបត្ថម្ភគាំទ្រពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់៕