ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ ព្រមាន​ពី​ការ​ដេញថ្លៃ​ របស់​លោកខាងលិច ដើម្បី​បង្ក​ឱ្យ​មានការ​បែកបាក់​គ្នា ​ក្នុងចំណោម​សមាជិក OPEC

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន ស្វែងរកការបំបែកបំបាក់ និងភាពខុសគ្នាក្នុងចំណោមរដ្ឋជាសមាជិក នៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។

លោក Raisi បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយ អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais នៅទីក្រុងតេអេរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់បានអំពាវនាវឱ្យរដ្ឋសមាជិក OPEC ពង្រឹងសាមគ្គីភាព ដោយបន្ថែមទំនាក់ទំនងស្ថាបនារបស់ពួកគេ គឺជាកត្តា “សំខាន់” ក្នុងការអនុវត្តជោគជ័យ របស់អង្គការនាំចេញប្រេងមួយនេះ។

លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ តែងតែមានកិច្ចសហប្រតិបត្តិការ “ស្ថាបនា” ជាមួយអង្គការ OPEC ហើយស្វែងរកការបន្ត និងបង្កើនកម្រិត នៃកិច្ចសហប្រតិបត្តិការបែបនេះ។

លោក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា អង្គការ​ដូច​ដែល​បាន​និយាយ ​ក្នុង​បេសកកម្ម​របស់​ខ្លួន ​នឹង​គ្រប់​គ្រង​ដើម្បី​ទប់​ស្កាត់​ភាព​ចលាចល ​ក្នុង​ទីផ្សារ​ប្រេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោកវិញ លោក Ghais បានឲ្យដឹងថា អ៊ីរ៉ង់ ក្នុងនាមជាសមាជិកស្ថាបនិក នៃអង្គការ OPEC តែងតែមានកិច្ចសហប្រតិបត្តិការ “ប្រកបដោយផ្លែផ្កា ប្រសិទ្ធភាព និងស្ថាបនា” ជាមួយអង្គការ និងសមាជិកដទៃទៀត ដោយកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែធ្វើការឆ្ពោះទៅរក ការពង្រឹងសាមគ្គីភាព និងឯកភាពក្នុងចំណោមសមាជិក OPEC ។

ប្រធានអង្គការ OPEC សង្ឃឹមថា រដ្ឋសមាជិកនឹងអាចស្តារភាពស្ងប់ស្ងាត់ ដល់ទីផ្សារប្រេងនៅលើខ្នង នៃការរួបរួមកាន់តែច្រើន ក្នុងចំណោមពួកគេ និងកិច្ចសហប្រតិបត្តិការ “ស្ថាបនា” របស់អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top