ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំយកព័ត៌មាន ពីក្រុមប្រឆាំងតាមរយៈ មនុស្សរបស់ខ្ញុំ នៅជាមួយពួកគេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានទម្លាយឲ្យដឹងថា សម្ដេចទទួលបានព័ត៌មានពិតពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ ខណៈមនុស្សខ្លះធ្លាប់ជេរសម្ដេចឮជាងគេ។

តាមរយៈពេលតេឡេក្រាម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុក ដែលអះអាងថា មានមនុស្សរបស់គេនៅក្បែរសម្ដេចនោះ សម្ដេច ប្រាប់ទៅវិញថា «នោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង មូ សុខហួ ឡុង រី ហូវ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។ អ្នក ឲ្យព័ត៌មានច្រើនប្រើឈ្មោះ កុសលមែនទេ? អស់លោក និងលោកស្រី មានអំនួតខ្លាំងណាស់ដែលថា មានមនុស្ស បង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំយកព័ត៌មានពីអស់លោកបាន ព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំ នៅជាមួយអស់លោក ដែលមនុស្សខ្លះជេរហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំ ឃើញអស់លោកល្ងង់ពេក បានខ្ញុំប្រាប់ពីការពិត នៃការចារកម្មឥតស្រមោលមួយនេះ ដើម្បីឆ្លាតបន្តិច»។

សម្ដេចតេជោបន្ថែមទៀតថា «នៅមានរឿងមួយដែល មេដឹកនាំម្នាក់យល់ព្រមជាមួយកុសលឲ្យធ្វើឃាត ហ៊ុន សែន ដែលខ្ញុំទុកទូទាត់បញ្ជីនៅពេលក្រោយ។ សូមស្តាប់សំឡេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ»៕

To Top