ព័ត៌មានអន្តរជាតិ

Update៖ នាវាចម្បាំងរបស់អាមេរិក និងកាណាដា ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រកោះតៃវ៉ាន់ ហើយកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក បានអះអាងថា នៅក្នុងបេសកកម្មរួមគ្នាដ៏កម្រមួយ នៅក្នុងផ្លូវទឹកដ៏រសើបមួយនេះ ស្របពេលដែលមាន ភាពតានតឹងកាន់តែខ្លាំងឡើង រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ជុំវិញការទាមទាររបស់ប្រទេសចិន ដែលចង់បានការគ្រប់គ្រងកោះតៃវ៉ាន់ ។

កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាពិឃាតដែលមានឈ្មោះថា USS Chung-Hoon និងនាវាចម្បាំង HMCS Montreal របស់ប្រទេសកាណាដា បានអនុវត្ត “នូវទម្លាប់” ឆ្លងកាត់ច្រកសមុទ្រ “តាមរយៈដែនទឹកដែលជាសេរីភាព ក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពីលើផ្ទៃសមុទ្រ ត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ” ។

កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំពោះការដឹកជញ្ជូនទ្វេភាគីរបស់នាវា Chung-Hoon និង Montreal តាមរយៈច្រកសមុទ្រកោះតៃវ៉ាន់នេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ចំពោះឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងដោយបើកចំហ” ។

វាជារឿងចម្លែក ដែលគួរឲ្យកត់សម្គាល់ ខណៈដែលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បានឆ្លងកាត់ច្រកសមុទ្រមួយនេះនៅរង្វង់ពេល១ខែម្តង ។

សម្រាប់បេសកកម្មនេះដែរ បានធ្វើឡើងស្របពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក និងចិន កំពុងចូលរួមកិច្ចប្រជុំសន្តិសុខថ្នាក់តំបន់ដ៏សំខាន់មួយ ក្នុងប្រទេសសិង្ហបុរី ។

នៅក្នុងព្រឹត្តិការណ៍នោះដែរ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានស្តីបន្ទោសដល់ប្រទេសចិន ចំពោះការបដិសេធមិនធ្វើកិច្ចចរចាផ្នែកយោធា ដែលធ្វើឲ្យប្រទេសមហាអំណាចជាប់គាំងជុំវិញ បញ្ហាកោះតៃវ៉ាន់ និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ទៀតផង ។

គេបានដឹងថា ប្រទេសចិន បាននឹងកំពុងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដែលរប៉ុនប៉ងបង្ខំឲ្យកោះតៃវ៉ាន់ ឱ្យទទួលយកការទាមទារអធិបតេយ្យ ភាពរបស់ខ្លួន ដែលនាំឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ មិនយល់ស្របនឹងការទាមទារនេះជាដាច់ខាត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top