ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ (ខេមបូឌា) នៃក្រុមហ៊ុន Xingjia គ្រុបចិន ដែលបណ្តាក់ទុន ៦,៤ លានដុល្លារអាម៉េរិកស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ។
លោក Hu Chaohui អគ្គនាយករោងចក្រផលិតស្បែកជើង អល វីន ស៊ូ មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលដែលមិនអាចបំភ្លេចបាន ក្រោមការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រផលិតស្បែកជើង អល វីន ស៊ូ នៃក្រុមហ៊ុន Xingjia គ្រុប បានបើកដំណើរការជាផ្លូវការ ចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាម្តងទៀត ជាមួយនឹងបុគ្គលិកខ្មែរចិនជាគ្រួសារតែមួយ រួមគ្នាបង្កើតវិបុលភាពនិងអនាគតត្រចះត្រចង់នៅកម្ពុជា។
លោក Hu Chaohui ថ្លែងថា ក្រោយពេលបើកដំណើរការជាផ្លូវការនៅកម្ពុជា រោងចក្រផលិតស្បែកជើង អល វីន ស៊ូ មានផែនការបង្កើតខ្សែសង្វាក់ផលិតកម្មដែលមានគុណភាពនិងស្តង់ដាខ្ពស់ចំនួន៨នៅឆ្នាំក្រោយ ដែលមានតម្លៃទិន្នផលប្រចាំឆ្នាំចំនួន ៥០ លានដុល្លារអាម៉េរិក និងបង្កើនបុគ្គលិកកម្ពុជាដល់ចំនួន ២០០០ នាក់។ តាមផែនការរយៈពេល៥ឆ្នាំរបស់យើងគឺអភិវឌ្ឍខ្លួនជាមួយគ្រឹះដ៏រឹងមាំ ហើយផលិតស្បែកជើងចំនួន ៣ លានគូក្នុងមួយឆ្នាំ និងផ្តល់សេវាកម្មជូនអតិថិជនកាន់តែច្រើន។ គោលដៅរយៈពេលវែងរបស់ អល វីន ស៊ូ គឺ ខិតខំកសាងមូលដ្ឋានផលិតស្បែកជើងសុវត្ថិភាពនិងស្បែកជើងការងារដ៏មានឥទ្ធិពល។
លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងប្រកាន់ខ្ជាប់នូវគោលការណ៍ “គុណភាពជាចម្បង ចូលរួមទាំងអស់គ្នា យកប្រសិទ្ធភាពជាគោល អតិថិជនពេញចិត្ត” ដែលជាគោលនយោបាយគុណភាពទំនិញ និង “ការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព ការស្វែងរកភាពអស្ចារ្យ” ដែលជាស្មារតីសហគ្រាសនៃក្រុមហ៊ុន Xingjia គ្រុប នៅក្នុងផ្ទៃក្នុងសហគ្រាសខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពយ៉ាងតឹងរ៉ឹង គ្រប់គ្រងរោងចក្រដោយតឹងរ៉ឹង បង្កើតកេរ្តិ៍ឈ្មោះល្អ បង្កើតអត្តសញ្ញាណ អល វីន ស៊ូ។ ផ្តល់សេវាកម្មប្រកបដោយគុណភាពល្អតាមរយៈគុណភាពល្អបំផុត តម្លៃល្អបំផុត និង ពេលវេលាដឹកជញ្ជូនល្អបំផុត។ ក្រុមហ៊ុននឹងគោរពច្បាប់និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ “ទទួលប្រយោជន៍ពីប្រជាជន បម្រើប្រជាជនវិញ” ដើម្បីចូលរួមជាវិភាគទានក្នុងការជួយជំរុញវិបុលភាពសេដ្ឋកិច្ចនិងស្ថិរភាពសង្គម។
លោក Hu Chaohui ជឿជាក់យ៉ាងមុតមាំថា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជានិងការគាំទ្រជាមួយទំនុកចិត្តពីសំណាក់អតិថិជន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ រោងចក្រផលិតស្បែកជើង អល វីន ស៊ូ ប្រាកដជាមានអនាគតភ្លឺស្វាង មានវឌ្ឍនភាពជាបន្តបន្ទាប់។
លោកបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនមេនៃក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ ក្រុមហ៊ុន Xingjia គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ហើយបានឆ្លងកាត់បទពិសោធន៍រយៈពេល ១៥ ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ មានរោងចក្រផលិតស្បែកជើង Xingjia នៅទីក្រុង Zhongshan ខេត្តក្វាងតុងប្រទេសចិន ដែលមានចង្វាក់ផលិតកម្មចំនួន ៦ ខ្សែ មានបុគ្គលិកជាង ១០០០ នាក់។ នៅទីក្រុង Changsha ខេត្តហ៊ូណានប្រទេសចិន មានរោងចក្រផលិតស្បែកជើង Luge ដែលមានចង្វាក់ផលិតកម្មចំនួន ៦ ខ្សែ មានបុគ្គលិកជាង ១០០០ នាក់។ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនមានក្រុមស្រាវជ្រាវផលិតជាង ២០០ នាក់ អាចតាមទាន់សម័យកាល រចនានិងស្រាវជ្រាវផលិតនូវស្បែកជើងច្រើនប្រភេទនិងពហុមុខងារ ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អតិថិជន។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹបានស្វាគមន៍និងអបអរសាទរដល់ការបើកដំណើរការជាផ្លូវការនៃរោងចក្រផលិតស្បែកជើង អល វីន ស៊ូ ធ្វើឱ្យវិស័យវិនិយោគរបស់ខេត្តកំពង់ស្ពឺទទួលបានការអភិវឌ្ឍថ្មីថែមមួយកម្រិតទៀត។
លោកមានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណជាង ២ ទសវត្សន៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស ដែលកត្តាទាំងនេះបាននាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដោយឡែក ខេត្តកំពង់ស្ពឺបានប្រែក្លាយទឹកដីពីសង្គ្រាមរ៉ាំរ៉ៃ ប្រឈមមុខគ្នាដោយអាវុធ មកជាខេត្តស៊ីវិល័យនិងមានសក្តានុពលទាក់ទាញអ្នកវិនិយោគផ្នែកឧស្សាហកម្មនិងវាយនភណ្ឌនានាមកបណ្តាក់ទុនជាបន្តបន្ទាប់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសសរុប ៣៨៥ កន្លែង មានកម្មករនិយោជិត ១៥៧ ០២៧ នាក់ ក្នុងនោះផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង ផលិតកាបូប និង ផលិតផលធ្វើដំណើរ ១៩១ កន្លែង មានកម្មករនិយោជិត ១៤៣ ៩៦៧ នាក់ មានប្រាក់ឈ្នួលសរុបចំនួន ៤៨១ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១និសួនឧស្សាហកម្មចំនួន៣ ជាខេត្តដែលមានរោងចក្រ សហគ្រាស និង រោងចក្រកាត់ដេរច្រើនជាងគេទីពីរបន្ទាប់ពីភ្នំពេញ។
លោកថ្លែងថា ការបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតស្បែកជើង អល វីន ស៊ូ ជាសក្ខីភាពមួយបញ្ជាក់ថាខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មីមួយបន្ថែមទៀត ដែលនឹងបង្កើតឱកាសការងាររហូតដល់ជាង ២០០០ កន្លែង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺផ្ទាល់តែម្តង។
លោក វ៉ី សំណាង សង្ឃឹមថា រោងចក្រ អល វីន ស៊ូ ប្រកាន់ខ្ជាប់នូវគោលការណ៍ “ទទួលអត្ថប្រយោជន៍ពីប្រជាជន បម្រើប្រជាជនវិញ” រស់នៅជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយសុខដុមរមនា ឆ្ពោះទៅមុខជាមួយគ្នា រួមគ្នាបង្កើតភាពត្រចះត្រចង់ ចូលរួមជាវិភាគទានចំពោះវិបុលភាពសេដ្ឋកិច្ចសង្គមនិងមិត្តភាពកម្ពុជា-ចិន។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាពនិងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គលនិងកម្រិតសហគមន៍ផងដែរនោះ។
លោកបានបន្តថា សមិទ្ធផលខាងលើនេះគឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការនិងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។
គួររម្លឹកថា ក្រុមហ៊ុន អល វីន ស៊ូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Xinjia គ្រុបក្រុង Zhongshan បានបង្កើតឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានផ្ទៃដី ៣៥ ០០០ ម៉ែត្រក្រឡា ទំហំសាងសង់ ២០ ០០០ ម៉ែត្រក្រឡា ហើយនៅមានផ្ទៃដី ១០ ០០០ ម៉ែត្រក្រឡាទៀតដែលអាចបន្តអភិវឌ្ឍបាន។
នៅក្នុងដំណាក់កាលទីមួយ ក្រុមហ៊ុនដាក់ទុន ៦,៤ លានដុល្លារអាម៉េរិក។ ក្រុមហ៊ុនផ្តោតលើការផលិតស្បែកជើងសុវត្ថិភាពនិងស្បែកជើងការពារទឹកជាដើមដែលមានគុណភាពខ្ពស់ ទិន្នផលប្រចាំឆ្នាំជាង ៣ លានគូ។ បច្ចុប្បន្នក្រុមហ៊ុនមានម៉ាកយីហោដូចជា JUSIT, BB និង Yunhao ហើយបានឈានដល់កិច្ចព្រមព្រៀងជាមួយអតិថិជនម៉ាកល្បីៗលើពិភពលោកដូចជា DLP, Matt, Dragonair និង Martin។
ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការស្វែងរកឧត្តមភាព បន្តលើកកម្ពស់ស្តង់ដាផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់នូវគោលនយោបាយគុណភាព “គុណភាពចម្បង ចូលរួមទាំងអស់គ្នា ស្វែងរកប្រសិទ្ធភាព អតិថិជនពេញចិត្ត” របស់ក្រុមហ៊ុន Xingjia Group អនុវត្តយ៉ាងតឹងរ៉ឹងតាមស្តង់ដា ISO9001 វិញ្ញាបនបត្រសិទ្ធិមនុស្ស SEDEX សហភាពអឺរ៉ុប វិញ្ញាបនបត្រ EN345 សហភាពអឺរ៉ុប វិញ្ញាបនបត្រ ASTM ស្តង់ដាអាម៉េរិក វិញ្ញាបនបត្រ CSA ស្តង់ដាកាណាដាជាដើម។ តាំងចិត្តដើម្បីក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម និងបង្កើតអត្តសញ្ញាណយីហោជាលក្ខណៈអន្តរជាតិរបស់ក្រុមហ៊ុន អល វីន ស៊ូ។ ក្រុមហ៊ុននឹងអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងចែករំលែកទីផ្សារជាមួយម៉ាកល្បីៗលើពិភពលោក និងសហការជាមួយអតិថិជនទូទាំងពិភពលោក៕